រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា ប្រទេសចិនបានអនុម័តកិច្ចព្រមព្រៀងផ្ទេរកម្មវិធីវីដេអូខ្លី TikTok ហើយលោករំពឹងថាវានឹងដំណើរការទៅមុខក្នុងប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែខាងមុខនេះ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។ លោក Bessent បាននិយាយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីជំនួបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយមេដឹកនាំចិនលោក Xi Jinping ថា «នៅក្នុងទីក្រុង Kuala Lumpur យើងបានបញ្ចប់ចុងក្រោយកិច្ចព្រមព្រៀង TikTok ទាក់ទងនឹងការទទួលបានការអនុម័តពីប្រទេសចិន ហើយខ្ញុំរំពឹងថាវានឹងដំណើរការទៅមុខក្នុងប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែខាងមុខ ហើយទីបំផុតយើងនឹងមើលឃើញដំណោះស្រាយចំពោះបញ្ហានេះ»។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងដោះស្រាយបញ្ហាទាក់ទងនឹង TikTok យ៉ាងសមស្របជាមួយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរបស់ប្រទេសចិនបាននិយាយបន្ថែមថា «ភាគីចិននឹងធ្វើការជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹង TikTok ឱ្យបានសមស្រប»។
TikTok ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនមេ ByteDance មានមូលដ្ឋាននៅប្រទេសចិន ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។ ជោគវាសនារបស់កម្មវិធីដែលប្រើប្រាស់ដោយជនជាតិអាមេរិក១៧០លាននាក់ នៅតែមិនច្បាស់លាស់រយៈពេលជាង១៨ខែមកនេះ បន្ទាប់ពីសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់នៅឆ្នាំ២០២៤ ដែលបានបង្គាប់ឱ្យម្ចាស់ TikTok ជនជាតិចិនលក់កម្មវិធីទៅឲ្យសហរដ្ឋអាមេរិកត្រឹមខែមករា ឆ្នាំ ២០២៥។
លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីខែមុនដោយប្រកាសថាផែនការលក់ប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យសម្ព័ន្ធអ្នកវិនិយោគអាមេរិក និងសកលលោក បំពេញតាមតម្រូវការសន្តិសុខជាតិដែលមានចែងក្នុងច្បាប់ឆ្នាំ២០២៤ ។