ការប្រមូលផ្តុំទ្រង់ទ្រាយធំជនជាតិជ្វីហ្វប្រកាន់តឹង ប្រឆាំងនឹងការកែណ្ឌចូលយោធាបានកើនឡើងយ៉ាងខ្លាំងនៅទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា នៅពេលដែលយុវជនម្នាក់បានធ្លាក់ពីលើអគារស្លាប់ក្នុងអំឡុងពេលបាតុកម្មដែលបានបិទច្រកចូលសំខាន់មួយចូលទៅក្នុងទីក្រុង។
ហ្វូងមនុស្សភាគច្រើនជាបុរស បានបិទផ្លូវជុំវិញផ្លូវហាយវ៉េលេខ១ ចូលទៅកាន់ទីក្រុងហ្សេរុយសាឡឹម។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានប៉ាន់ប្រមាណថាមនុស្សប្រហែល ២០០.០០០នាក់បានសម្រុកចូលក្នុងការប្រមូលផ្តុំគ្នា។ រូបថតជាច្រើនបានបង្ហាញ មនុស្សមួយចំនួនបានឡើងលើដំបូលអគារ ស្ថានីយ៍ប្រេងឥន្ធនៈ និងឡើងលើដងស្ទូច។
អង្គភាពសេវារថយន្តគិលានសង្គ្រោះរបស់អ៊ីស្រាអែលបាននិយាយថា ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់បានធ្លាក់ពីលើអគារស្លាប់ ហើយនគរបាលបាននិយាយថាពួកគេបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
ការជជែកដេញដោលលើការបំពេញកាតព្វកិច្ចយោធា និងអ្នកទាំងឡាយដែលត្រូវបានលើកលែងពីកាតព្វកិច្ច បានបង្កឱ្យមានភាពតានតឹងក្នុងសង្គមដែលខ្វែងគំនិតគ្នាយ៉ាងខ្លាំងរបស់ប្រទេសអ៊ីស្រាអែលជាយូរមក ហើយបានធ្វើឱ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ស្ថិតនៅក្រោមភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងកាលពីឆ្នាំមុន។
បាតុកររាប់ម៉ឺននាក់បានចេញធ្វើបាតុកម្មក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បីទាមទារឱ្យប្រជាជនជ្វីហ្វប្រកាន់តឹង នៅតែត្រូវបានលើកលែងពីការចូលបម្រើយោធារបស់អ៊ីស្រាអែល។