និស្សិតនៅប្រទេសស៊ែរប៊ីរាប់រយនាក់ បានចាប់ផ្តើមចេញធ្វើបាតុកម្មដើរដង្ហែពីទីក្រុងបែលក្រាដ ទៅកាន់ទីក្រុង Novi Sad កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ដើម្បីរំលឹកខួបនៃការបាក់រលំដំបូលស្ថានីយរថភ្លើងនៅទីក្រុង Novi Sad កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ ដែលបានបណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់។
សោកនាដកម្មនេះ បានបង្កឲ្យមានចលនាតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប្រទេសដោយសន្តិវិធី ដឹកនាំដោយនិស្សិតសាកលវិទ្យាល័យ និងសាស្រ្តាចារ្យ ដែលបានធ្វើឲ្យរង្គោះរង្គើរដល់ការកាន់តំណែងរយៈពេល១៣ ឆ្នាំរបស់ប្រធានាធិបតី លោក Aleksandar Vucic។ ក្រុមបាតុករ កំពុងទាមទារឲ្យមានការបោះឆ្នោតមុនអាណត្តិ ដោយសង្ឃឹមថានឹងមិនផ្តល់អសនៈដល់លោក Vucic និងគណបក្សស៊ែរប៊ីជឿនលឿនប្រជានិយមរបស់លោក។
លោក Marija Petrovic ជាអ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ានិស្សិតជាច្រើននាក់បាននិយាយថា «ជាមួយនឹងរដ្ឋាភិបាលបែបនេះ ពិបាកក្នុងការរកដំណោះស្រាយ យើងចាំបាច់ត្រូវតែដាក់សម្ពាធ»។
ពិធីរំលឹកដ៏សំខាន់នៅទីក្រុង Novi Sad គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា នៅខាងក្រៅស្ថានីយ៍រថភ្លើង ដែលបង្ហាញពីភាពស្ងៀមស្ងាត់រយៈពេល១៦នាទី អមដោយសុន្ទរកថារបស់និស្សិត។