ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃសុក្រ (៣១ តុលា) នេះថា តំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតែស្ថិតនៅក្នុងចំណុចរបត់ដ៏សំខាន់មួយ ជាមួយនឹងការផ្លាស់ប្តូរយ៉ាងរហ័សនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក អំឡុងពេលលោកធ្វើជាប្រធានកិច្ចប្រជុំកំពូលនៃមេដឹកនាំក្នុងតំបន់ នៅទីក្រុង Gyeongju ។
ប្រធានាធិបតីចិន លោក Xi Jinping និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ក៏បានចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នេះ ដែលជាវេទិកាមិនជាប់ចំណងផ្លូវច្បាប់ មានសមាជិកចំនួន ២១ប្រទេស។

តំបន់ APEC គ្របដណ្ដប់ ៥០% នៃពាណិជ្ជកម្មពិភពលោក និង ៦១% នៃផលិតផលក្នុងស្រុកសរុប (GDP) សកល ហើយកិច្ចប្រជុំនៅឆ្នាំ២០២៥នេះ ធ្វើឡើងបន្ទាប់ពីជំនួបកម្រិតខ្ពស់របស់លោក Xi ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបន្ធូរភាពតានតឹងពាណិជ្ជកម្ម នៅខាងក្រៅជំនួបកូរ៉េខាងត្បូងនេះ។
លោក Lee បាននិយាយថា "ច្បាស់ណាស់ថា គ្រប់គ្នាមិនអាចឈរនៅខាងណាមួយនោះទេ ប៉ុន្តែត្រូវតែធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវវិបុលភាពរួម"។ លោក Lee បន្ថែមថា "នៅពេលដែលសណ្ដាប់ធ្នាប់ពាណិជ្ជកម្មសេរី ឆ្លងកាត់ចំណុចរបត់នៃការផ្លាស់ប្តូរយ៉ាងខ្លាំង ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកក៏កាន់តែស៊ីជម្រៅ ហើយពាណិជ្ជកម្ម និងការវិនិយោគកំពុងបាត់បង់សន្ទុះ" ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិក APEC គឺជា "ដំណោះស្រាយច្បាស់លាស់" ចំពោះបញ្ហាប្រឈមក្នុងសេដ្ឋកិច្ចបច្ចុប្បន្ន៕

