ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ឲ្យពិភពលោកនូវទិដ្ឋភាពដំបូង ដែលថា ផែនការរបស់លោក ក្នុងការអនុវត្តទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក លើទីក្រុងមូស្គូ មានភាពធូរលុងកម្រិតណា នៅពេលវាពាក់ព័ន្ធនឹងប្រទេសចិន ដែលជាអ្នកទិញប្រេងឆៅធំបំផុតតែមួយគត់របស់រុស្ស៊ី។
នៅក្នុងជំនួបកំពូលជាមួយមេដឹកនាំចិន លោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) លោក Trump បាននិយាយថា បញ្ហានេះមិនទាន់ត្រូវបាននិយាយដល់នៅឡើយទេ។ លោក Trump បានបញ្ជាក់ថា៖ «យើងពិតជាមិនបានពិភាក្សាអំពីបញ្ហាប្រេងទេ។ យើងបានពិភាក្សាពីការធ្វើការជាមួយគ្នា ដើម្បីរកមើលថា តើយើងអាចបញ្ចប់សង្គ្រាមនោះយ៉ាងដូចម្ដេច»។

ការខ្វះសម្ពាធប្រកបដោយប្រសិទ្ធភាពលើទីក្រុងប៉េកាំង មានន័យថា ប្រេងនឹងបន្តក្លាយជាប្រភពចំណូលដ៏សំខាន់ សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់លោកប្រធានាធិបតី Vladimir Putin បើទោះបីលោក Trump មានចំណាត់ការ ដើម្បីបង្ហាញពីការដាក់ទណ្ឌកម្មលើកដំបូងរបស់លោកលើរុស្ស៊ីកាលពីសប្តាហ៍មុនក៏ដោយ ដោយបានដាក់ក្នុងបញ្ជីខ្មៅនូវក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ គឺ Rosneft PJSC និង Lukoil PJSC ដែលជាក្រុមហ៊ុនផលិតប្រេងធំបំផុតរបស់រុស្ស៊ី។
លោក Brett Erickson អ្នកជំនាញផ្នែកទណ្ឌកម្ម និងជានាយកគ្រប់គ្រងនៅក្រុមហ៊ុនប្រឹក្សា Obsidian Risk Advisors បាននិយាយថា៖ «ប្រសិនបើលោក Trump នឹងមិនលើកឡើងបញ្ហាប្រេងរបស់រុស្ស៊ីជាមួយលោក Xi ទេ វានឹងធ្វើឲ្យខូចដល់ការនិយាយពីទណ្ឌកម្មទាំងមូល ពោលគឺអ្នកមិនអាចអះអាងពីភាពតឹងរ៉ឹងលើទីក្រុងមូស្គូបានឡើយ ខណៈដែលមិនមានវិធានការលើអ្នកទិញដ៏ធំបំផុត ដែលធ្វើសេដ្ឋកិច្ចរបស់ពួកគេនៅបន្តរស់រានដដែល»។
បើទោះបីជាការដាក់ទណ្ឌកម្មរបស់លោក Trump ដំបូងឡើយបានធ្វើឲ្យទីផ្សារប្រេងមានភាពរង្គោះរង្គើក៏ដោយ ក៏ការណ៍ដែលមិនបានលើកឡើងពីបញ្ហានេះជាមួយលោក Xi គូសបញ្ជាក់ថា លោក Trump ផ្តល់អាទិភាពដល់ស្ថិរភាពទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន និងធានានូវអ្វីដែលលោកហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដ៏អស្ចារ្យ» ជាមួយប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ជាងការអនុវត្តទណ្ឌកម្មយ៉ាងតឹងរ៉ឹង៕
