រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចេញការព្រមាន ដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ដោយបានចាត់ទុកការធ្វើបែបនេះថា ជាចំណាត់ការបោះជំហានថយក្រោយ និងគ្មានការទទួលខុសត្រូវ។
ហើយជាមួយគ្នានេះ តាមរយៈសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) លោក Araghchi បានរិះគន់ធ្ងន់ៗលើទីក្រុងវ៉ាស៊ីនតោន ចំពោះការប្តូរឈ្មោះ «ក្រសួងការពារជាតិ» របស់ខ្លួនទៅជា «ក្រសួងសង្គ្រាម» ហើយបានចាត់ទុកសហរដ្ឋអាមេរិកថា ជា «ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ»។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបន្ថែមថា៖ «ការសម្លុតកំហែងដូចគ្នានេះ បាននិងកំពុងប៉ះពាល់ដល់កម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់អ៊ីរ៉ង់ ហើយគំរាមកំហែងឲ្យមានការវាយប្រហារបន្ថែមទៀត លើរោងចក្រនុយក្លេអ៊ែរដែលត្រូវបានការពាររបស់យើង ដែលទាំងអស់នេះជាការបំពានយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ»។
លោកបានជំរុញបន្ថែមដល់សហគមន៍អន្តរជាតិឲ្យរួបរួមគ្នា ដើម្បីឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះការធ្វើឲ្យមានប្រក្រតីភាពនូវការរីកសាយអាវុធនុយក្លេអ៊ែរ ដោយហៅការប្រកាស អំពីការធ្វើតេស្តជាថ្មីថា ជា វិធានការដើរថយក្រោយ និងគ្មានការទទួលខុសត្រូវ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយក្នុងន័យមានមោទនភាពថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន គឺធំជាងគេបំផុតក្នុងពិភពលោក ហើយបានចាត់ទុកស្ថានភាពធ្វើឲ្យប្រសើរនេះឡើង បានកើតមានក្នុងរដ្ឋបាលរបស់លោក។ លោកបានពន្យល់យ៉ាងលម្អិតថា ដោយសារតែមានការអភិវឌ្ឍនុយក្លេអ៊ែរ នៅក្នុងប្រទេសផ្សេងៗ លោកបានណែនាំឲ្យក្រសួងដែលត្រូវបានដាក់ឈ្មោះថ្មី គឺក្រសួងសង្គ្រាម (ក្រសួងការពារជាតិ) ឲ្យចាប់ផ្តើមការសាកល្បងនុយក្លេអ៊ែរ ដោយអះអាងថា ដំណើរការនេះនឹងចាប់ផ្តើមឡើងភ្លាមៗតែម្ដង៕

