រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) បានបញ្ជាក់ថា កិច្ចសន្ទនាណាមួយជាមួយជប៉ុន ទាក់ទងនឹងសន្ធិសញ្ញាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២ ជាផ្លូវការ អាចចាប់ផ្តើមទៅបាន លុះត្រាតែទីក្រុងតូក្យូបានបោះបង់ចោលនូវអ្វីដែលទីក្រុងមូស្គូ បានពិពណ៌នាថា ជាជំហរ «ប្រឆាំងរុស្ស៊ី» ដែលបណ្ដាលឲ្យមានផលអវិជ្ជមាន។
គួររំលឹកថា កាលពីចុងបញ្ចប់នៃសង្គ្រាមលលោកលើកទី២ កងទ័ពសហភាពសូវៀត បានកាន់កាប់កោះចំនួន ៤ នៅម្ដុំកោះហុកកៃដូ (Hokkaido) របស់ប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថា ជាបណ្ដុំកោះគូរីល (Kuril Islands) និងនៅក្នុងប្រទេសជប៉ុនថា ជាដែនដីភាគខាងជើង ហើយកោះទាំងនោះបានស្ថិតក្នុងការគ្រប់គ្រងរបស់ទីក្រុងមូស្គូតាំងពីពេលនោះមក។
នៅក្នុងសុន្ទរកថាកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី Sanae Takaichi បានរិះគន់រុស្ស៊ី ពាក់ព័ន្ធនឹង «ការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែន» ប៉ុន្តែក៏បាននិយាយផងដែរថា ជប៉ុនបន្តរក្សា «គោលនយោបាយរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដែនដី និងបញ្ចប់ឲ្យបានទាំងស្រុងនូវសន្ធិសញ្ញាសន្តិភាព»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា លោកស្រីមិនបានឃើញអ្វីថ្មីនៅក្នុងសុន្ទរកថារបស់លោកស្រី Takaichi នោះទេ ហើយថា សម្រាប់វឌ្ឍនភាពណាមួយ ទីក្រុងតូក្យូនឹងត្រូវតែផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។

នៅពេលត្រូវបានសួរដោយសារព័ត៌មាន Reuters លោក Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបាននិយាយម្តងហើយម្តងទៀតថា ផ្លូវឆ្ពោះទៅកាន់ការចាប់ផ្ដើមកិច្ចសន្ទនាជាមួយជប៉ុនឡើងវិញ នឹងមានទៅបាន លុះត្រាតែទីក្រុងតូក្យូបានបោះបង់ចោលដោយមិនអល់អែកនូវមាគ៌ាប្រឆាំងរុស្ស៊ីដែលជាសកម្មភាពមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់ប្រទេសរបស់យើង និងប្រជាជនរបស់យើង»៕
