អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) បានព្រមានអំពីលទ្ធភាពនៃការមានមហន្តរាយថ្ងៃឈប់សម្រាក ប្រសិនបើការបិទរដ្ឋាភិបាល បន្តដល់រដូវឈប់សម្រាកនៃពិធីបុណ្យ Thanksgiving (បុណ្យថ្លែងអំណរគុណ) ហើយបានជំរុញឲ្យគណបក្សប្រជាធិបតេយ្យផ្តល់សំឡេងឆ្នោតគាំទ្រ ដើម្បីឲ្យរដ្ឋាភិបាលបើកដំណើរការឡើងវិញ។
បន្ទាប់ពីមានកិច្ចប្រជុំនៅសេតវិមានជាមួយបណ្ដានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ American Airlines និងក្រុមហ៊ុនអាកាសចរណ៍ United Airlines សហជីព និងមន្ត្រីឧស្សាហកម្មអាកាសចរណ៍ផ្សេងទៀត លោក Vance បាននិយាយថា ការបិទរហូតដល់ចុងខែវិច្ឆិកា អាចនាំឲ្យអវត្តមានបុគ្គលិកកាន់តែច្រើន ហើយខ្សែសុវត្ថិភាពកាន់តែយូរ និងការពន្យារពេលជើងហោះហើរបន្ថែមទៀត។
លោក Vance បានសង្កត់ធ្ងន់ថា៖ «វាអាចជាគ្រោះមហន្តរាយ។ វាពិតជាអាចទៅរួច ពីព្រោះនៅពេលនោះ អ្នកកំពុងនិយាយ អំពីបុគ្គលិកដែលបានខកខានទទួលប្រាក់ខែ ៣ដង។ តើនឹងមានបុគ្គលិកប៉ុន្មាននាក់ដែលមិនទៅធ្វើការ?»។

ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines, United Airlines, Southwest Airlines និង American Airlines សុទ្ធតែបានអំពាវនាវឲ្យសភាអនុម័តយ៉ាងឆាប់រហ័សដល់សេចក្ដីព្រាងច្បាប់ផ្តល់មូលនិធិរយៈពេលខ្លី ដែលត្រូវបានគេស្គាល់ថា ជាដំណោះស្រាយបណ្ដោះអាសន្ន ឬ «CR» ដើម្បីអាចឲ្យរដ្ឋាភិបាលបើកដំណើរការឡើងវិញ ហើយបន្តពិភាក្សា លើការមិនចុះសម្រុងគោលនយោបាយថែទាំសុខភាព។
គួរបញ្ជាក់ថា ក្រសួងដឹកជញ្ជូន បានឲ្យដឹងថា ការបិទរដ្ឋាភិបាលរយៈពេល ៣០ថ្ងៃ បាននាំឲ្យមានការពន្យារពេលជើងហោះហើរកើនឡើង ដោយសារតែអវត្តមានរបស់បុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងប៉ះពាល់ដល់ជើងហោះហើររាប់ពាន់វ៉ុល៕


