ទីក្រុងវ៉ាសូវី កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) បានឲ្យដឹងថា ខ្លួននឹងមិនបើកបន្ថែមទៀតនូវច្រកព្រំដែនជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី គឺបេឡារុសនោះឡើយ រហូតដល់យ៉ាងហោចណាស់ពាក់កណ្តាលខែវិច្ឆិកា ជាចំណាត់ការដែលត្រូវបានធ្វើឡើង ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយសមាជិករបស់អង្គការណាតូ (NATO) គឺលីទុយអានី ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីសន្តិសុខ។

ប្រទេសប៉ូឡូញបានបិទព្រំដែនរបស់ខ្លួនជាមួយបេឡារុស កាលពីប្រាំមួយសប្តាហ៍មុន ដោយសារតែអ្វីដែលទីក្រុងវ៉ាសូវីបានចាត់ទុកថា ជាសមយុទ្ធយោធា «ឈ្លានពាន» ដឹកនាំដោយរុស្ស៊ី នៅលើដែនដីបេឡារុស ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីយានដ្រូនរុស្ស៊ីចំនួន ២១គ្រឿង បានចូលទៅក្នុងដែនអាកាសប៉ូឡូញ។
ហើយលីទុយអានី បានបិទព្រំដែនដីគោករបស់ខ្លួនជាមួយបេឡារុស ក្នុងសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការរំខានដល់ដែនអាកាសដោយការបង្ហោះបាឡុងខុសច្បាប់ ហើយបាននិយាយកាលពីថ្ងៃពុធថា ការបិទនេះ នឹងនៅតែបន្តមានរហូតដល់ចុងខែវិច្ឆិកា។
ចាប់តាំងពីពេលនោះមក ប៉ូឡូញបានបើកឡើងវិញនូវច្រកព្រំដែនផ្លូវចេញចូលមួយជាមួយបេឡារុស សម្រាប់រថយន្ត និងរថភ្លើង និងមួយសម្រាប់រថយន្តដឹកទំនិញ ហើយនាយករដ្ឋមន្ត្រី លោក Donald Tusk បាននិយាយនៅសប្តាហ៍នេះថា ទីក្រុងវ៉ាសូវីនឹងត្រៀមខ្លួនរួចរាល់ ដើម្បីបើកច្រកព្រំដែន ២បន្ថែមទៀត នៅក្នុងខែវិច្ឆិកា។
លោក Tusk មិនបានកំណត់កាលបរិច្ឆេទទេ តែបន្ទាប់ពីមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Inga Ruginiene បាននិយាយថា ប៉ូឡូញបានយល់ព្រមពន្យារពេលបើកច្រកព្រំដែនទាំងនោះឡើងវិញ៕

