ប្រទេសប៉ារ៉ាហ្គាយបានបង្កើនការប្រកាសអាសន្នផ្នែកសន្តិសុខជាតិរបស់ខ្លួន និងពង្រឹងព្រំដែនភាគខាងកើត បន្ទាប់ពីប្រតិបត្តិការសម្លាប់មនុស្សរបស់នគររបាលប្រេស៊ីលនៅទីក្រុង Rio de Janeiro បណ្តាលឲ្យមនុស្សយ៉ាងហោច ១២១នាក់ស្លាប់ ។
ប្រធានាធិបតីប៉ារ៉ាហ្គាយលោក Santiago Penaបានកោះប្រជុំក្រុមប្រឹក្សាការពារជាតិ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងកើនឡើងដោយអង្គការឧក្រិដ្ឋកម្មប្រេស៊ីល ។
រដ្ឋាភិបាលប៉ារ៉ាហ្គាយ បានប្រកាសផែនការថា ក្រុម Comando Vermelho និងក្រុម Primeiro Comando da Capital គឺជាក្រុមភេរវកម្ម ដោយលើកឡើងពីឥទ្ធិពលឆ្លងកាត់ព្រំដែនរបស់ពួកគេ និងការគំរាមកំហែងអធិបតេយ្យភាពជាតិប៉ារ៉ាហ្គាយ ។

វិធានការនេះ រួមទាំងវត្តមានកើនឡើងរបស់យោធា និងនគរបាល នៅតាមតំបន់ព្រំដែនដូចជានៅតំបន់ Amambay, Canindeyu និងតំបន់ Alto Parana ដោយមានការសម្របសម្រួលជាមួយកងកម្លាំងប្រេស៊ីល និងកងកម្លាំងអាហ្សង់ទីន ក៏ដូចជាពង្រឹងការគ្រប់គ្រងការឆ្លងកាត់ព្រំដែន ។
ប៉ារ៉ាហ្គាយមានផែនការផងដែរ ដើម្បីពង្រឹងសន្តិសុខពន្ធនាគារ និងបង្កើនការឈ្លបការណ៍តាមអាកាសដោយប្រើប្រាស់យានដ្រូន ៕
