មន្ត្រីអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) បានព្រមានថា «អំពើឃោរឃៅទ្រង់ទ្រាយធំ» កំពុងកើតឡើងនៅក្នុងតំបន់ Kordofan របស់ប្រទេសស៊ូដង់ ខណៈដែលកងកម្លាំងយោធាប៉ារ៉ា បានរុលទៅមុខ ខណៈដែលអ្នកស្រុកនៅ al-Fashir ដែលជាទីក្រុងសំខាន់នៅក្នុងតំបន់ជិតខាង Darfur កំពុងជួបប្រទះនឹង «ភាពភ័យរន្ធត់»។
ប្រធានផ្នែកមនុស្សធម៌របស់ UN គឺលោក Tom Fletcher បានលើកឡើងថា Al-Fashir ជាទីក្រុងសំខាន់ចុងក្រោយ ក្នុងតំបន់ Darfur ដែលធ្លាក់ទៅក្នុងដៃរបស់កងកម្លាំងគាំទ្ររហ័ស (RSF) គឺជា «កន្លែងមហន្តរាយនៃការរងទុក្ខវេទនារបស់មនុស្សរួចហើយ (ប៉ុន្តែ) កាន់តែធ្លាក់ចូលទៅក្នុងឋាននរកដ៏ខ្មៅងងឹតជ្រៅទៅៗ»។

ការដណ្ដើមកាន់កាប់ទីក្រុង al-Fashir កើតឡើងបន្ទាប់ពីមានការឡោមព័ទ្ធដ៏អាក្រក់ជាង ១៨ខែ ហើយបានបង្កជាការភ័យខ្លាចពីការវិលត្រលប់ទៅរកអំពើឃោរឃៅដោយមានគោលដៅរបស់ជនជាតិភាគតិច កាលពី ២០ឆ្នាំមុន។
លោក Fletcher បាននិយាយថា៖ «មានរបាយការណ៍គួរឲ្យជឿជាក់បាន ពាក់ព័ន្ធនឹងការសម្លាប់គ្រប់ទិសទី បន្ទាប់ពីយុទ្ធជនរបស់កងកម្លាំងគាំទ្ររហ័ស (RSF) បានចូលទៅដល់ទីក្រុងនេះ។ យើងមិនអាចឮសំឡេងស្រែកនោះឡើយ ប៉ុន្តែនៅពេលយើងអង្គុយនៅទីនេះ ភាពភ័យរន្ធត់កំពុងបន្តមាន។ ស្ត្រី និងកុមារីត្រូវបានចាប់រំលោភ ហើយមនុស្សម្នាត្រូវបានធ្វើឲ្យរបួស និងសម្លាប់ ដោយមិនមានជាប់ទោសទណ្ឌអ្វីទាំងអស់»។
ជាមួយគ្នានេះ លោក Fletcher បានព្រមានថា ការសម្លាប់នេះកំពុងកើតមានមិនត្រឹមតែនៅតំបន់ Darfur ប៉ុណ្ណោះទេ តែការបង្ហូរឈាមកំពុងត្រូវបានប្រព្រឹត្ត នៅក្នុងខេត្ត Kordofan ផងដែរ៕

