សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន និយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ីបានបើកការវាយប្រហារកាលពីយប់កន្លងទៅលើទីក្រុងភាគឦសាន Sumy បណ្តាលឲ្យអ្នកស្រុក ១១នាក់ រងរបួស រួមទាំងកុមារ ៤នាក់ផងដែរ ។

រូបភាពវីដេអូឃ្លីបពីសេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែនឃើញផ្ទៃមេឃប្រែជាពណ៌លឿងទុំ បន្ទរដោយសំឡេងផ្ទុះដ៏ខ្លាំងក្លា ។
ប្រជាពលរដ្ឋត្រូវបានគេមើលឃើញជម្លៀសខ្លួន ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់អណ្តាតភ្លើងឆាបឆេះអគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ។
តំបន់ Sumy ដែលជាប់ព្រំដែនជាមួយរុស្ស៊ី បានរងការវាយប្រហារឥតឈប់ឈរពីយានដ្រូន និងមីស៊ីលរបស់ទីក្រុងមូស្គូ ។
សេវាកម្មសង្រ្គោះបន្ទាន់ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា រុស្ស៊ីបានវាយប្រហារអគារអ្នកស្រុកច្រើនជាន់ ផ្ទះឯកជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ។
អភិបាលក្នុងស្រុកលោក Ihor Kalchenko និយាយថា រុស្ស៊ីបានវាយប្រហារដឺប៉ូផ្លូវរថភ្លើង ដោយបំផ្លិចបំផ្លាញទូរថភ្លើងជាច្រើនទូ និងខូចខាតអគារផងដែរ ៕
