ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា សហគមន៍អន្តរជាតិ មិនអាចងាកមុខចេញពីជម្លោះនៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានទេ ស្របពេលដែលរូបលោករៀបចំកិច្ចប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ ដោយមានគោលដៅ កៀរគរជំនួយមនុស្សធម៌អន្តរជាតិ សម្រាប់ប្រទេសមួយនេះ និងតំបន់ទាំងមូល ។
ខណៈអង្គុយជាមួយប្រធានាធិបតីកុងហ្គោលោក Felix Tshisekedi លោក Macron និយាយថា ធម្មជាតិពិតនៃវិបត្តិមួយនេះ មិនអាចពន្លត់ដោយភាពអស់សង្ឃឹមបានឡើយ ប៉ុន្តែវាជាចំណុចចាប់ផ្តើមនៃការភ្ញាក់រឭកសមូហភាព ។

កិច្ចខិតខំសម្របសម្រួលដោយសហរដ្ឋអាមេរិក និងកាតា ដើម្បីបញ្ចប់ជម្លោះរវាងរដ្ឋាភិបាលកុងហ្គោ និងក្រុមបះបោរ M23 បានជួបឧបសគ្គច្រើន ។
មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវបានជម្លៀសខ្លួននៅតំបន់ភាគខាងកើតកុងហ្គោ ជាទីដែលក្រុមឧទ្ទាម M23 បើកការវាយប្រហារដូចផ្លេកបន្ទោររបស់ពួកគេ ហើយបច្ចុប្បន្ន ពួកគេបានគ្រប់គ្រងដែនដីច្រើនជាងពេលណាណាទាំងអស់ ។
ប្រទេសរ៉្វានដា បានច្រានចោលជាយូរមកហើយចំពោះការគាំទ្រក្រុមចលនា M23 ហើយពួកគេនិយាយថា កងកម្លាំងរបស់ខ្លួនធ្វើដើម្បីស្វ័យការពារប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ និយាយនៅក្នងរបាយការណ៍របស់ពួកគេកាលពីខែកក្កដាថា ទីក្រុង Kigali បានអនុវត្តបទបញ្ជា និងការគ្រប់គ្រងលើក្រុមឧទ្ទាម ៕
