ស្របពេលដែលភាពតានតឹងកើនឡើងរវាងចិន និងកោះតៃវ៉ាន់ អ្នកស្រុករស់នៅលើខេត្តកោះ Batanes ស្ថិតនៅភាគខាងជើងហ្វីលីទីន និងជាដែនដីជិតបំផុតនឹងកោះតៃវ៉ាន់ មានការព្រួយបារម្ភកើនឡើងចំពោះអនាគតរបស់ពួកគេ ។
ខណៈពេលនេសាទត្រីដោយប្រើប្រាស់សំណាញ់ប្រពៃណីនៅតាមបណ្តោយឆ្នេរកោះ Batan លោក Joven Cabrera គឺជាអ្នកនេសាទក្នុងស្រុកមួយរូបនិយាយថា ភាគរយខ្ពស់នៃការរស់នៅចិញ្ចឹមជីវិតរបស់ជនជាតិ Ivatan កើតចេញពីការនេសាទត្រី ។ អាហារអាចមានតម្លៃថ្លៃណាស់ ព្រោះទំនិញជាច្រើនត្រូវបានដឹកជញ្ជូនពីដីគោក ដូច្នេះហើយពួកយើងទាំងអស់គ្នាត្រូវរៀនពីរបៀបនេសាទត្រី ។
លោកបន្តថា ប៉ុន្តែវាមិនមែនគ្រាន់តែតម្រូវការប្រចាំថ្ងៃទេដែលធ្វើឲ្យលោកព្រួយបារម្ភនោះ ។ ក្តីសង្ឃឹមរបស់លោក គឺភាពតានតឹងនឹងមិនកើនឡើង ហើយក្លាយជាសង្រ្គាមនោះទេ ។ គ្មាននរណាម្នាក់បានឈ្នះនៅក្នុងសង្រ្គោះនោះឡើយ ហើយអ្នករាល់គ្នានឹងរងផលប៉ះពាល់ ជាពិសេសគឺជនស៊ីវិល ។

លោកនិយាយទៀតថា ពួកយើងគួរតែបួងសួងសុំឲ្យរឿងនេះមិនកើតឡើងទៅបាន ពីព្រោះថា ពួកយើងនៅជិតពួកគេខ្លាំងណាស់ ចៀសមិនផុតនោះទថា កោះ Batanes នឹងរងផលប៉ះពាល់ ។
សូមបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ថាជាខេត្តផ្តាច់ខ្លួនរបស់ពួកគេ ហើយលោកប្រធានាធិបតី Xi Jinping ធ្លាប់បាននិយាយថា ទីក្រុងប៉េកាំង មិនបោះបង់ចោលសិទ្ធិនោះឡើយ ក្នុងការប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយជម្លោះលើកោះមួយនេះ ។
ដោយឡែក អាជ្ញាធរកោះតៃវ៉ាន់ ច្រានចោលអំណះអំណាងអធិបតេយ្យភាពរបស់ចិន ដោយពួកគេបញ្ជាក់ថា មានតែពលរដ្ឋលើកោះមួយនេះមួយប៉ុណ្ណោះដែលអាចសម្រេចចិត្តលើអនាគតរបស់ពួកគេបាន ៕
