អង់គ្លេស៖ ក្រុមហ៊ុន AstraZeneca បាននិយាយកាលពីថ្ងៃអាទិត្យថា ការពិនិត្យឡើងវិញនូវទិន្នន័យសុវត្ថិភាពរបស់មនុស្ស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនមិនបានបង្ហាញពីភស្តុតាងនៃការកើនឡើងបញ្ហាប្រឈម នៃការកកឈាមក្នុងសរសៃឈាមនោះទេ។
ការពិនិត្យឡើងវិញរបស់ក្រុមហ៊ុន AstraZeneca ដែលគ្របដណ្តប់លើមនុស្សជាង ១៧លាននាក់ដែលបានចាក់វ៉ាក់សាំងនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបកើតឡើង បន្ទាប់ពីក្រុមអាជ្ញាធរសុខាភិបាលនៅប្រទេសមួយចំនួន បានផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនដោយសារមានរបាយការណ៍ថា មានឈាមកកក្នុងសរសៃឈាមក្រោយចាក់វ៉ាក់សាំងនេះរួច។ ក្រុមហ៊ុននេះបាននិយាយថា ការពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្ន រាល់ទិន្នន័យសុវត្ថិភាពលើមនុស្សជាង ១៧លាននាក់ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca នៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសមិនបានបង្ហាញពីភស្តុតាង នៃការកើនឡើងហានិភ័យនៃការស្ទះសរសៃឈាមសួត ការស្ទះសរសៃឈាមវ៉ែនធ្ងន់ធ្ងរ ឬការស្ទះសរសៃឈាមសួតក្នុងក្រុមអាយុភេទ វគ្គណាមួយឡើយ ឬនៅក្នុងប្រទេសជាក់លាក់ណាមួយ។ ក្រុមអាជ្ញាធរក្នុងប្រទេសអៀរឡង់ ដាណឺម៉ាក ន័រវែស អ៊ីស្លង់ និងហូឡង់បានផ្អាកការប្រើប្រាស់វ៉ាក់សាំង ដោយសារតែបញ្ហាឈាមកកក្នុងសរសៃឈាម ខណៈដែលអូទ្រីសបានឈប់ប្រើវ៉ាក់សាំងក្រុមហ៊ុន AstraZeneca មួយវគ្គដែលបានចាក់កាលពីសប្តាហ៍មុន ស្របពេលដែលការស៊ើបអង្កេតអំពីករណីស្លាប់ ដោយសារជំងឺកកឈាម។
ទីភ្នាក់ងារឱសថរបស់សហភាពអឺរ៉ុបបាននិយាយថា គ្មានការបង្ហាញណាមួយដែលថា ព្រឹត្តិការណ៍នានាបណ្ដាលមកពីការចាក់វ៉ាក់សាំងនេះនោះទេ ជាទស្សនៈមួយដែលត្រូវបានគាំទ្រ ដោយអង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ។ គួរឲ្យដឹងថា វ៉ាក់សាំងបង្ការវីរុស COVID-19 របស់ក្រុមងហ៊ុន AstraZeneca របស់អង់គ្លេស ដែលត្រូវបានផលិតឡើងដោយសហការ ជាមួយសាកលវិទ្យាល័យ Oxford ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅសហភាពអឺរ៉ុប និងបណ្ដាប្រទេសជាច្រើន ប៉ុន្តែមិនទាន់ត្រូវបានអនុម័តដោយក្រុមនិយតករអាមេរិកនៅឡើយទេ៕
អត្ថបទ៖ សុខមាន