អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៣១ ខែតុលា) នេះ បានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការវាយប្រហារលើនាវា នៅតំបន់សមុទ្រការ៉ាអ៊ីព និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលត្រូវបានចោទប្រកាន់ថា បានដឹកអ្នកជួញដូរគ្រឿងញៀន និងដើម្បីការពារកុំឲ្យមាន «ការសម្លាប់ក្រៅប្រព័ន្ធតុលាការ»។
ការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅតំបន់ការ៉ាអ៊ីព និងប៉ាស៊ីហ្វិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦២នាក់ នៅលើទូកដែលក្រុងវ៉ាស៊ីនតោនអះអាងថា កំពុងដឹកគ្រឿងញៀន។ សមាជិកគ្រួសារ និងរដ្ឋាភិបាលរបស់ជនរងគ្រោះ បានប្រាប់ថា ពួកគេខ្លះគឺជាអ្នកនេសាទ។

ប្រធានសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយថា មនុស្សទាំងនេះត្រូវបានសម្លាប់ «ក្នុងកាលៈទេសៈ ដែលរកមិនឃើញពីហេតុផលស្របតាមច្បាប់អន្តរជាតិ»។
លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការវាយប្រហារទាំងនេះ ហើយការបាត់បង់អាយុជីវិតកើនឡើង គឺមិនអាចទទួលយកបានឡើយ។ សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការវាយប្រហារបែបនេះ ហើយចាត់វិធានការទាំងអស់ដែលចាំបាច់ ដើម្បីការពារការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការលើទូកទាំងនេះ ទោះបីជាពួកគេត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌក៏ដោយ»។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់សភា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងចូលរួមក្នុង «ជម្លោះប្រដាប់អាវុធ» ជាមួយក្រុមជួញដូរគ្រឿងញៀន នៅតំបន់អាមេរិកឡាទីន ដោយពណ៌នាពួកគេថា ជាក្រុមភេរវករ ដែលជាផ្នែកមួយនៃយុត្តិកម្មរបស់ខ្លួន សម្រាប់ការវាយប្រហារទាំងនេះ៕


