ប្រធានក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) នៅថ្ងៃសុក្រនេះ បានចាត់ទុកការវាយប្រហាររបស់សហរដ្ឋអាមេរិកលើក្រុមជួញដូរគ្រឿងញៀនរងការចោទប្រកាន់នៅជិតតំបន់ឆ្នេរអាមេរិកខាងត្បូង គឺជារឿងពុំអាចទទួលយកបាននោះឡើយ ហើយនិងបំពានលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។
អ្នកស្រី Ravina Shamdasani គឺជាអ្នកនាំពាក្យក្រុមសិទ្ធិមនុស្ស UN និយាយថា ការវាយប្រហារទាំងអស់នេះ ហើយនិងការបាត់បង់អាយុជីវិតមនុស្ស មិនអាចទទួលយកបាននោះទេ ។
អ្នកស្រីបន្តថា សហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់ការវាយប្រហារបែបនេះ ហើយនិងចាត់វិធានការចាំបាច់ ដើម្បីការពារការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅលើទូកទាំងនេះ មិនថាអ្វីដែលក្រុមឧក្រិដ្ឋករប្រឆាំងជាមួយពួកគេឡើយ ។

អ្នកស្រីនិយាយទៀតថា ការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិកលើទូកនៅសមុទ្រការ៉ាអ៊ីប និងសមុទ្រប៉ាស៊ីហ្វិក បានបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។ មនុស្សជាង ៦០នាក់ ត្រូវបានគេរាយការន៍ថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ ធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកលើទូកក្នុងតំបន់ការ៉ាអ៊ីប និងសមុទ្រប៉ាស៊ីហ្វិក ចាប់តាំងពីដើមខែកញ្ញារហូតមក ។
ខណៈពេលនោះដែរ ការិយាល័យសិទ្ធិមនុស្ស UN បាននិយាយផងដែរថា ពួកគេទទួលបានសេចក្តីរាយការណ៍ថា មនុស្សយ៉ាងហោច ១០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ អំឡុងបាតុកម្ម បន្ទាប់ពីការបោះឆ្នោតសកលកាលពីដើមសប្តាហ៍នេះ នៅប្រទេសតង់ហ្សានី ៕
