ក្រសួងការពារជាតិរុស្ស៊ី និយាយថា កងកម្លាំងរបស់ខ្លួនដណ្តើមបានគ្រប់គ្រងភូមិ Vyshneve ស្ថិតនៅតំបន់ភាគអាគ្នេយ៍ Dnipropetrovsk ប្រទេសអ៊ុយក្រែន ។
នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិរុស្ស៊ី បញ្ចេញរូបភាពវីដេអូឃ្លីបឃើញការផ្ទុះនៅទីតាំងជាច្រើនកន្លែងនៅទូទាំងភូមិ Vyshneve ហើយទាហានរបស់ពួកគេកាន់ទង់ជាតិរុស្ស៊ី នៅទីតាំងផ្សេងៗគ្នា នៅក្នុងទីតាំងឈរជើងរបស់ពួកគេ ។
ខណៈពេលនោះដែរ រុស្ស៊ីបានបើកការវាយប្រហារកាលពីយប់កន្លងទៅលើទីក្រុងភាគឦសាន Sumy បណ្តាលឲ្យអ្នកស្រុក ១១នាក់ រងរបួស រួមទាំងកុមារ ៤នាក់ផងដែរ ។
តំបន់ Sumy ដែលជាប់ព្រំដែនជាមួយរុស្ស៊ី បានរងការវាយប្រហារឥតឈប់ឈរពីយានដ្រូន និងមីស៊ីលរបស់ទីក្រុងមូស្គូ ។ សេវាកម្មសង្រ្គោះបន្ទាន់ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា រុស្ស៊ីបានវាយប្រហារអគារអ្នកស្រុកច្រើនជាន់ ផ្ទះឯកជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ៕