ប្រធានាធិបតីចិន លោក Xi Jinping បានជួបជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅថ្ងៃសុក្រ (ទី៣១ ខែតុលា) នេះ ដោយមេដឹកនាំទាំង២ បានសន្យាថា នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង ហើយលោក Carney ទទួលយកការអញ្ជើញរបស់លោក Xi ឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសចិន។
មេដឹកនាំទាំង២ បានរៀបចំកិច្ចប្រជុំនេះ នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Apec) នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក Carney នៅតំបន់អាស៊ី ជាកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ នៅក្នុងតំបន់កាន់តែស៊ីជម្រៅ នៅពេលដែលកាណាដា កំពុងប្រឹងប្រែងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក និងស្វែងរកទីផ្សារថ្មី។
ប្រទេសកាណាដានៅតែជាប់ក្នុងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដោយតាមមកដោយប្រទេសចិន។ នៅមុននេះ លោក Carney ធ្លាប់បានសង្កត់ធ្ងន់ពីតម្រូវការ ក្នុងការចាប់ផ្តើមឡើងវិញនូវការពាក់ព័ន្ធយ៉ាងទូលំទូលាយជាមួយប្រទេសចិន បន្ទាប់ពីមាននូវទំនាក់ទំនងមិនល្អជាច្រើនឆ្នាំ។
ការិយាល័យរបស់លោក Carney បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកនាយករដ្ឋមន្ត្រី Carney បានទទួលយកការអញ្ជើញរបស់លោកប្រធានាធិបតី Xi ឲ្យទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាដ៏សមស្របមួយ»។
ការិយាល័យរបស់លោក Carney បានបញ្ជាក់ថា ពួកលោកបានពិភាក្សាអំពីដំណោះស្រាយលើបញ្ហាពាណិជ្ជកម្ម ក្នុងនោះរួមទាំងផលិតផលកសិកម្ម និងកសិ-ម្ហូបអាហារ ដូចជាកាណូឡាជាដើម ព្រមទាំងអាហារសមុទ្រ និងរថយន្តអគ្គិសនីផងដែរ។
ជាមួយគ្នានេះ មេដឹកនាំទាំង២ ក៏បានពិភាក្សាអំពីក្របខណ្ឌ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលមានចាប់ពីថាមពល កសិកម្ម ផលិតកម្ម ការប្រែប្រួលអាកាសធាតុ និងហិរញ្ញវត្ថុអន្តរជាតិជាដើម។ នេះបើយោងតាមការិយាល័យរបស់លោក Carney ដដែល៕