នៅថ្ងៃសុក្រ (ទី៣១ ខែតុលា) នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបង្វែរសំណួររបស់អ្នកសារព័ត៌មានទៅកាន់ក្រសួងការពារជាតិរុស្ស៊ី នៅពេលត្រូវបានសួរអំពីរបាយការណ៍របស់សារព័ត៌មាន Reuters ដែលថា រុស្ស៊ីបានបាញ់មីស៊ីល 9M729 ទៅអ៊ុយក្រែន។
ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានបាញ់មីស៊ីលដែលការអភិវឌ្ឍសម្ងាត់របស់វា បានជំរុញឲ្យសហរដ្ឋអាមេរិកបោះបង់ចោលសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយទីក្រុងមូស្គូ សំដៅទៅអ៊ុយក្រែន ២៣ដង ចាប់តាំងពីខែសីហាឆ្នាំនេះ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា៖ «សំណួរនេះគួរតែត្រូវបានសួរទៅយោធា ពោលគឺថា តើមីស៊ីលពិសេសអ្វី ប្រព័ន្ធដឹកជញ្ជូន និងអាវុធប្រភេទណា កំពុងត្រូវបានប្រើប្រាស់។ ករណីនេះគួរតែត្រូវបានសួរទៅក្រសួងការពារជាតិ»។
មីស៊ីល 9M729 បាននាំឲ្យសហរដ្ឋអាមេរិកចាកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (INF) ក្នុងឆ្នាំ២០១៩។ ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា មីស៊ីលនេះ គឺបំពានលើសន្ធិសញ្ញានេះ ហើយអាចហោះបានឆ្ងាយហួសពីដែនកំណត់ ៥០០គីឡូម៉ែត្រ ទោះបីជារុស្ស៊ីបានបដិសេធរឿងនេះក៏ដោយ។
លោក Peskov បានបញ្ជាក់បន្ថែមថា៖ «ប្រសិនបើអ្នកចងចាំរឿងនេះ តាមពិតភាគីអាមេរិកបានធ្វើការអះអាង នាពេលនោះ ប៉ុន្តែភាគីរុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងទាំងអស់នេះ ហើយផ្ទុយទៅវិញ បានពន្យល់ថា ការអះអាងនេះមិនមានមូលដ្ឋាននោះឡើយ»៕