ទីភ្នាក់ងារសារព័ត៌មាន ANP នៅថ្ងៃសុក្រ (ទី៣១ ខែតុលា) នេះ បានឲ្យដឹងថា គណបក្សកណ្តាលនិយមហូឡង់ គឺគណបក្ស D66 បានទទួលបានសន្លឹកឆ្នោតភាគច្រើន នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃពុធ ដោយធ្វើឲ្យមេដឹកនាំអាយុ ៣៨ឆ្នាំរបស់បក្ស គឺលោក Rob Jetten ស្ថិតនៅលើផ្លូវក្នុងបានក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតមិនធ្លាប់មាន នៅក្នុងប្រទេសហូឡង់។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាននេះ បានឲ្យដឹងថា ដោយការរាប់សន្លឹកឆ្នោតស្ទើរតែគ្រប់ទាំងស្រុងហើយនោះ គណបក្ស D66 លែងចាញ់គណបក្សស្តាំនិយមជ្រុល គឺគណបក្សសេរីភាព (PVV) ដែលដឹកនាំដោយលោក Geert Wilders ទៀតហើយ ដោយការប្រមូលលទ្ធផល គឺយកពីទីក្រុងទាំងអស់ក្នុងប្រទេសហូឡង់។
ឥឡូវនេះ គណបក្ស D66 ត្រូវបានគេរំពឹងថា នឹងដឹកនាំកិច្ចចរចាជុំទី១ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ជាដំណើរការដែលជាធម្មតាត្រូវចំណាយពេលច្រើនខែ។ ដោយមានសំឡេងគាំទ្រប្រហែល ១៨ភាគរយ គណបក្សនឹងត្រូវការយ៉ាងហោចណាស់ដៃគូចម្រុះចំនួន ៣ ដើម្បីឈានដល់សំឡេងភាគច្រើនលើសពាក់កណ្ដាល ឬ៥០ បូកមួយ នៅក្នុងសភាជាន់ទាប ដែលមាន ១៥០អាសនៈ។
គួរបញ្ជាក់ថា លទ្ធផលនេះ បានបង្ហាញថា គណបក្ស D66 ដែលគាំទ្រសហភាពអឺរ៉ុប បានកើនចំនួនអាសនៈ ៣ដង ខណៈដែលលោក Wilders បានបាត់បង់ការគាំទ្រមួយផ្នែកធំ ពោលគឺសំឡេងដែលបានជំរុញឲ្យលោកទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតមុន កាលពីឆ្នាំ២០២៣៕