នៅថ្ងៃសុក្រនេះ ប៉ាគីស្ថាន បង្ហាញសុទិដ្ឋិនិយមរបស់ខ្លួនចំពោះលទ្ធផលនៃជំនួបនាពេលខាងមុខនេះ ជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែវិច្ឆិកា ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងអ៊ីស្លាម៉ាបាដ អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានលោក Tahir Andrabi បញ្ជាក់ថា ប៉ាគីស្ថាននឹងបន្តចូលរួមដំណើរការសម្របសម្រួល និងសង្ឃឹមថានឹងទទួលបានលទ្ធផលវិជ្ជមាន ។
កិច្ចប្រជុំដែលកំណត់ធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី មានគោលបំណងសម្រេច ការអនុវត្តយន្តការ ដើម្បីទទួលបានសន្តិភាព និងស្ថិរភាពជានិរន្តន៍ ។
ទួរគី និងកាតា ដែលសម្របសម្រួលកិច្ចប្រជុំកាលពីមុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីទាំង ២ ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានឯកភាពបន្តបទឈប់បាញ់ អំឡុងជំនួបនៅទីក្រុងអ៊ីស្តង់ប៊ុល ក្រោយការប៉ះទង្គិចគ្នាតាមព្រំដែនទ្រង់ទ្រាយធំរវាងប្រទេសជិតខាងទាំង ២ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
មន្រ្តីសន្តិសុខមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ដោយសារវាគឺជាកិច្ចសន្ទនារសើប និយាយប្រាប់កាសែត Al Jazeera ថា ប៉ាគីស្ថានធ្លាប់បានធ្វើការសង្កត់ធ្ងន់ម្តងរួចមកហើយថា ទឹកដីអាហ្វហ្គានីស្ថានមិនគួរប្រើប្រាស់សម្រាប់អំពើភេរវកម្មនោះទេ ប្រឆាំងនឹងប៉ាគីស្ថាន ។
លោកបន្តថា ពួកយើងសូមកោតសរសើរតួនាទីលក្ខណៈស្ថាបនាប្រទេសម្ចាស់ផ្ទះរបស់ពួកយើង ហើយពួកយើងនៅតែបន្តការប្តេជ្ញាចិត្ត ដើម្បីស្វែងដំណោះស្រាយសន្តិភាព ដោយសុចរិត ។
សារព័ត៌មានអាហ្វហ្គានីស្ថាន រាយការណ៍ផងដែរថា ក្រោយការធ្វើអន្តរាគមន៍របស់ប្រទេសម្ចាស់ផ្ទះទួរគី និងប្រទេសសម្របសម្រួលកាតា ប្រទេសជិតខាងទាំង ២ បានឯកភាពគ្នា ចាប់ផ្តើមឡើងវិញកិច្ចពិភាក្សារបស់ពួកគេ ដែលបានបញ្ចប់ទៅនៅដើមសប្តាហ៍នេះ ៕