ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា តុលាការទួរគី បានកាត់ទោសមនុស្ស ១១នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត នៅថ្ងៃសុក្រ (ទី៣១ ខែតុលា) នេះ ពាក់ព័ន្ធនឹងករណីអគ្គិភ័យដែលបានសម្លាប់មនុស្ស ៧៨នាក់ នៅឯរមណីយដ្ឋានជិះស្គីមួយ នៅតំបន់ភ្នំខេត្ត Bolu ភាគពាយព្យប្រទេសទួរគី កាលពីខែមករា។
លោក Halit Ergul ម្ចាស់សណ្ឋាគារ Grand Kartal ដែលត្រូវបានអគ្គិភ័យឆាបឆេះ ស្ថិតក្នុងចំណោមជនជាប់ចោទទាំង ១១រូបនោះ ដែលតុលាការខេត្ត Bolu ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ TRT Haber។
កុមារចំនួន ៣៤នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនោះ ដែលបានកើតឡើងក្នុងអំឡុងពេលវិស្សមកាលរបស់សាលារៀន នៅពេលដែលគ្រួសារជាច្រើនមកពីទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងអង់ការ៉ា ធ្វើដំណើរទៅកាន់តំបន់ភ្នំខេត្ត Bolu ដើម្បីជិះស្គីកម្សាន្ត។ មនុស្ស ១៣៧នាក់ផ្សេងទៀត បានរងរបួស នាពេលនោះ។
សារព័ត៌មាន TRT បានឲ្យដឹងថា មានចុងចោទសរុបចំនួន ៣២នាក់ នៅក្នុងសវនាការ ដែលក្នុងនោះ ២០នាក់ កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ ហើយក្រៅពីលោក Ergul ជនជាប់ចោទ រួមមានសមាជិកក្រុមប្រឹក្សាភិបាល អ្នកគ្រប់គ្រង និងបុគ្គលិករបស់សណ្ឋាគារ ព្រមទាំងអភិបាលរងក្រុង និងបុគ្គលិកពន្លត់អគ្គិភ័យផងដែរ។
អគ្គិភ័យនោះបានកើតឡើងនៅជាន់ភោជនីយដ្ឋាននៃអគារ ១២ជាន់ ដែលមានភ្ញៀវ ២៣៨នាក់ស្នាក់នៅ។ ហេតុការណ៍នោះបានបង្ខំភ្ញៀវក្នុងសណ្ឋាគារភ័យស្លន់ស្លោលោតចេញតាមបង្អួច នាពាក់កណ្តាលយប់៕