ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) បានធ្វើការថ្កោលទោសការវាយប្រហាររបស់កងកម្លាំងគាំទ្ររហ័ស(RSF)លើទីក្រុង al-Fashir ស្ថិតក្នុងតំបន់ North Darfur ប្រទេសស៊ូដង់ ។
អ្នកស្រី Martha Ama Akyaa Pobee គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ UNប្រចាំនៅអាហ្វ្រិក និយាយប្រាប់ក្រុមប្រឹក្សាថា គ្មាននរណាម្នាក់មានសុវត្ថិភាពនោះទេនៅទីក្រុង al-Fashir ។
អ្នកស្រីថា ហានិភ័យនៃអំពើឃោឃៅទ្រង់ទ្រាយធំ អំពើហិង្សាមានគោលដៅដោយក្រុមជនជាតិភាគតិច និងការបំពានច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងអំពើហិង្សាផ្លូវភេទ នៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភនៅទូទាំងប្រទេសស៊ូដង់ ជាពិសេសនៅទីក្រុង al-Fashir ។
អ្នកស្រី Martha បន្តទៀតថា UNនឹងបន្តអំពាវនាវដល់ប្រទេសទាំងអស់ដែលមានឥទ្ធិពល ឲ្យពួកគេចាត់វិធានការឥឡូវនេះភ្លាម ដើម្បីការពារអំពើហិង្សា និងអំពើឃោឃៅបន្ថែមទៀត ។
សង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសាកន្លងទៅ រយៈពេល ៤ឆ្នាំ ក្រោយផ្តួលរំលំអតីតប្រធានាធិបតីលោក Omar al-Bashir អំឡុងបដិវត្តន៍ពណ៌ដ៏ពេញនិយម ។
ភាពតានតឹងរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF ដែលរួមគ្នាធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០២១ បានផ្ទុះឡើង ជុំវិញការមិនឯកភាពគ្នាចំពោះផែនការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងបែបស៊ីវិល ។
នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ក្រុមជីវពល Janjaweed ដែលក្រោយមកបង្កើតបានជាកងកម្លាំង RSF បានជួយរដ្ឋាភិបាលកម្ទេចការបះបោរដោយក្រុមមិនមែនអារ៉ាប់នៅតំបន់ arfur ។
UNបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣ម៉ឺននាក់ ត្រូវបានសម្លាប់ ហើយក្រុមមេដឹកនាំស៊ូដង់ ចង់បានខ្លួនដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ សម្រាប់អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
យោងតាមការអះអាងរបស់អង្គការអន្តោប្រវេសន៍អន្តរជាតិ បានឲ្យដឹងថា សង្រ្គាមបច្ចុប្បន្នត្រូវបានគេមើលឃើញមនុស្សជាង ៤លាននាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងនោះមនុស្ស ៣,២៨លាននាក់ បានជម្លៀសខ្លួនក្នុងប្រទេស ហើយមនុស្សជាង ៩០ម៉ឺននាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសឆាដ អេហ្ស៊ីប ស៊ូដង់ខាងត្បូង និងប្រទសផ្សេងទៀត ៕