បាល់ឱប៖ ក្របខណ្ឌបាល់ឱបអាមេរិក NFL នឹងរៀបចំការប្រកួតប្រចាំរដូវកាលមួយប្រកួតរបស់ខ្លួនក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់នៅរដូវកាលក្រោយ ពោលគឺនៅកីឡដ្ឋាន Allianz Arena របស់ក្លិប Bayern Munich។ ប្រធានគណៈកម្មាធិការរៀបចំលោក Roger Goodell បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំឆ្នាំ Super Bowl របស់ខ្លួន។

លីគកីឡាដែលមានប្រជាប្រិយភាពជាងគេនៅសហរដ្ឋអាមេរិក បានធ្វើការពង្រីកសក្តានុពលរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំដែលបានមកកាន់ទឹកដីអង់គ្លេសរួចមកហើយនៅលើទឹកដីរបស់ Tottenham Hotspur។ រដូវកាល ២០២២ នឹងក្លាយជាផ្នែកមួយនៃស៊េរីចំនួន ៤ប្រកួតដែលលេងនៅបរទេសដែលនឹងរួមបញ្ចូលទាំងប្រកួតនៅទីក្រុងឡុងផងដែរ។ NFL នឹងបន្តពង្រីកបន្ថែមការប្រកួតនៅទីក្រុង Munich និងពីរប្រកួតនៅ Frankfurt ក្នុងរយៈពេល ៤រដូវកាលបន្ទាប់។ ក្រុមដែលចូលរួមនឹងត្រូវបានបង្ហាញ នៅពេលដែលកាលវិភាគត្រូវបានចេញផ្សាយនៅអំឡុងខែមិនានេះ។ ចុងក្រោយលោក Goodell ក៏និយាយដែរថា លីគនឹងត្រឡប់ទៅទីក្រុង Mexico City វិញផងដែរនៅរដូវកាលក្រោយ៕
អត្ថបទ៖នាង សុភាវុធ