សាកសពជនជាតិប៉ាឡេស្ទីនចំនួន៣០នាក់បន្ថែមទៀតដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែលត្រូវបានបញ្ជូនត្រឡប់ទៅតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុព័ទ្ធ ដោយសាកសពមួយចំនួនបង្ហាញស្លាកស្នាមនៃការធ្វើទារុណកម្ម។ ការប្រគល់ទៅឲ្យវិញនៃសាកសពជនជាតិប៉ាឡេស្ទីន តាមរយៈគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានធ្វើឡើងខណៈកងកម្លាំងអ៊ីស្រាអែលបន្តការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់កាលពីថ្ងៃសុក្រ។ ទីភ្នាក់ងារសារព័ត៌មាន Wafa បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ និងប្អូនប្រុសរបស់គាត់បានរងរបួសដោយការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល ខណៈម្នាក់ទៀតត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែលនៅក្នុងជំរំជនភៀសខ្លួន Jabalia។ ជនជាតិប៉ាឡេស្ទីនទីបី បានស្លាប់ដោយសាររបួសធ្ងន់ក្នុងពេលបាញ់ផ្លោងរបស់អ៊ីស្រាអែលកាលពីពេលមុននោះ។ ដោយឡែក បុគ្គលិកការពារជនស៊ីវិលនៅហ្កាហ្សាភាគកណ្តាលបាននិយាយថា ពួកគេបានរកឃើញសាកសពជនជាតិប៉ាឡេស្ទីននិងបានយកចេញពីគំនរបាក់បែក ក្នុងសង្កាត់ az-Zahra ។

យន្តហោះចម្បាំងរបស់អ៊ីស្រាអែលក៏បានវាយប្រហារលើអគារនានាក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ។
ការប្រគល់សាកសពនៃអ្នកជាប់ឃុំឃាំងជនជាតិប៉ាឡេស្ទីន កើតឡើងជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោសនិងឈ្លើយសឹក ដែលបានព្រមព្រៀងគ្នាកាលពីដើមខែតុលា។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការប្រគល់លើកចុងក្រោយនេះនាំឱ្យចំនួនសាកសពសរុបដែលទទួលបានមានចំនួន២២៥នាក់។
