ភ្នំពេញ៖ ទោះបីរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ កម្ពុជាមានរោងចក្រឧស្សាហកម្មបើកថ្មីចំនួន ១៦៣រោងចក្រ ក្នុងឆ្នាំ២០២១ ធ្វើឱ្យរោងចក្រឧស្សាហកម្មសរុបនៅទូទាំងប្រទេសមានចំនួន ១៨៧៩ រោងចក្រ។ វត្តមានរោងចក្រឧស្សហកម្មបើកថ្មីនេះ គឺបង្ហាញពីការជឿទុកចិត្តរបស់វិនិយោគិន លើការដឹកនាំរបស់រាជរដ្ឋាភិបាល សក្តានុពលវិនិយោគ ជាពិសេសការគ្រប់គ្រងស្ថានភាពកូវីដ១៩។
យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២១ កម្ពុជាមានរោងចចក្រសរុប ១ ៨៧៩ រោងចក្រមានទុនវិនិយោគសរុបជាង ១៣.៨១១ លាន ដុល្លារអាមេរិក។ ដែលបង្កើតការងារបានជាង ៩៨ម៉ឺនកន្លែង។
ក្នុងនោះរោងចក្រឧស្សហកម្មបើកថ្មី មានចំនួន ១៦៣ រោងចក្រ និងរោងចក្រដែលបានបិទទ្វារបណ្តោះអាសន្ន និងបិទទ្វារទាំងស្រុងមានចំនួន ១៤៨រោងចក្រ។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា វត្តមានរោងចក្របង្កើតថ្មីបង្ហាញពីការជឿទុកចិត្តរបស់វិនិយោគិនលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានភាពកូវីដ១៩ បានល្អ បូករួមទាំងច្បាប់វិនិយោគថ្មីដែលមានភាពទាក់ទាញវិនិយោគិន។
ក្នុងឆ្នាំ២០២១ តម្លៃបរិមាណផលិតផលឧស្សាហកម្ម សរុបប្រមាណជា ៧ ៤៣៣ លានដុល្លារអាមេរិក ទាបជាងឆ្នាំមុន ប្រមាណ១៥%, ក្នុងនោះតម្លៃបរិមាណផលិត ផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ១ ៩៧៧ លានដុល្លារអាមេរិក និងតម្លៃបរិមាណ ផលិតផលនាំចេញមានចំនួនជាង ៥ ៤៥៦ លានដុល្លារអាមេរិក៕ អត្ថបទ៖ វណ្ណៈ