ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសុក្រ (៣១ តុលា) ថា រុស្ស៊ី បានដាក់ពង្រាយទាហានប្រហែល ១៧០.០០០នាក់ ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ជាទីដែលកងកម្លាំងទីក្រុងមូស្គូ កំពុងព្យាយាមដណ្តើមយកក្រុងយុទ្ធសាស្រ្ត Pokrovsk ក្នុងការវាយរុញដ៏សំខាន់មួយសម្រាប់ជ័យជម្នះក្នុងសមរភូមិ។

លោក Zelenskyy បាននិយាយថា "ស្ថានភាពនៅ Pokrovsk គឺលំបាកណាស់" ខណៈច្រានចោលការអះអាងរបស់រុស្ស៊ីថ្មីៗនេះ ដែលថាទីក្រុង Pokrovsk ដែលរងការបំផ្លិចបំផ្លាញមួយនេះ ត្រូវឡោមព័ទ្ធបានហើយ បន្ទាប់ពីការប្រយុទ្ធអស់ជាង ១ឆ្នាំ។ លោកទទួលស្គាល់ថា អង្គភាពរុស្ស៊ីមួយចំនួនបានជ្រៀតចូលក្រុង ប៉ុន្តែទទូចថា ក្រុមការពារអ៊ុយក្រែនកំពុងតែបណ្ដេញចេញទៅវិញ។
គួរឱ្យដឹងថា ការយកក្រុង Pokrovsk បាន ក៏ដូចជាក្រុង Kostiantynivka នៅភាគឦសានរបស់ក្រុងនេះ នឹងផ្តល់ឱ្យទីក្រុងមូស្គូ នូវទីតាំងមួយដើម្បីវាយរុញឆ្ពោះទៅយកទីក្រុងដ៏ធំបំផុតចំនួនពីរ គ្រប់គ្រងដោយអ៊ុយក្រែន ដែលនៅសេសសល់ក្នុងតំបន់ Donetsk ទាំងមូល។
ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាពេលថ្មីៗនេះ បានអះអាងថា កងកម្លាំងរុស្ស៊ី កំពុងមានប្រៀបគួរឱ្យកត់សម្គាល់លើសមរភូមិ ទោះបីជាការវាយរុលរបស់ពួកគេមានយឺតយ៉ាវបន្តិច និងបង់ខាតកម្លាំងទ័ព និងគ្រឿងសឹកច្រើនក៏ដោយ៕

