
ភ្នំពេញ៖ អគារមន្ទីរពេទ្យតេជោ សែន កោះធំ ដែលបានប្រារព្ធពិធីក្រុងពាលីបុកគ្រឹះសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ គិតមកដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ១១, ៨៨% ហើយ។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រភពដដែលបន្តថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំ និតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ។
មន្ទីរពេទ្យនេះនឹងក្លាយជាទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋជាងហុកសិបម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បា ស នៃខេត្តតាកែវផងដែរ។ មន្ទីរពេទ្យនេះ គ្រោងប្រើពេលសាងសង់ចំនួន ១២ ខែ គឺចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២។ មន្ទីរពេទ្យនេះ គ្រោងចំណាយថវិកាជាងដប់លានដុល្លារ ដោយបូករួមទាំងការសាងសង់ និងបំពាក់បរិក្ខារសម្ភារ៕ ដោយ៖ គង់ ឌិន