ប្រជាពលរដ្ឋនៅក្នុងទីក្រុងបុរាណ Hoi An ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បានចាប់ផ្តើមស្តាឡើងវិញ ក្រោយទឹកជំនន់ស្រកទៅវិញ បន្ទាប់ពីភ្លៀងធ្លាក់រយៈពេលជាច្រើនថ្ងៃ ដែលបណ្តាលឲ្យកើតមានទឹកជំនន់ស្លាប់មនុស្ស និងការខូចខាតទ្រង់ទ្រាយធំនៅទូទាំងតំបន់ភាគកណ្តាល ។
ទឹកជំនន់បានវាយប្រហារដងផ្លូវនៅក្នុងទីក្រុង Hoi An និងផ្ទះឈើបុរាណអាយុកាលរាប់សតវត្សរ៍ ក្នុងនោះក្រុមអ្នកស្រុកនិយាយថា ពួកគេពុំធ្លាប់ដែលជួបទឹកជំនន់ដ៏អាក្រក់បែបនេះកាលពីមុននោះទេ ។

ស្របពេលដែលទឹកស្រក ម្ចាស់ហាង និងអ្នកស្រុកនាំគ្នាបោសសម្អាតភក់ចេញពីមុខហាង និងមុខផ្ទះរបស់ពួកគេ ជួសជុលគ្រឿងសង្ហារឹម ដោយសង្ឃឹមថា ធុរកិច្ចរបស់ពួកគេនឹងអាចបើកដំណើការឡើងវិញបាន ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោក Dang Quoc Dat ដែលជាម្ចាស់ភោជនីយដ្ឋានវ័យ ៤០ឆ្នាំមួយរូប និយាយថា អ្វីៗត្រូវបានទឹកហូរនាំយកទៅអស់ បណ្តាលឲ្យមានការខូចខាតច្រើនខ្លាំងណាស់ ។
សូមបញ្ជាក់ថា តំបន់ភាគកណ្តាលរបស់វៀតណាម មើលឃើញភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ បង្កជាទឹកជំនន់ដ៏គំហុក និងបំណាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោច ២៩នាក់ និងមនុស្ស ៥នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ៕
