កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមជួយសង្រ្គោះ និងក្រុមការងារជំនួយ បានព្យាយាមទៅដល់តំបន់តំបន់រងផលប៉ះពាល់ដោយសារព្យុះនៅហ្សាម៉ាអ៊ីក ដើម្បីចែកចាយស្បៀងអាហារ និងទឹករបស់ពួកគេ រយៈពេល ៤ថ្ងៃ ក្រោយព្យុះកំណាច Melissa វាយប្រហារប្រទេសកោះមួយនេះ ។
ស្ថិតក្នុងចំណោមព្យុះកំណាចអាត្លង់ទិកខ្លាំងក្លាបំផុតបោកបក់ដល់ដីគោក ព្យុះ Melissa បានឆក់យកអាយុជីវិតមនុស្ស ២៨នាក់នៅប្រទេសហ្សាម៉ាអ៊ីក និងមនុស្ស ៣១នាក់នៅប្រទេសហៃទី ។
ព្យុះនេះបានបោកបក់ចូលហ្សាម៉ាអ៊ីក ជាមួយនឹងកម្លាំងដ៏ខ្លាំងក្លាកាលពីថ្ងៃអង្គារកន្លងទៅ ក្នុងមានជាព្យុះកម្រិតទី៥ ហើយប្រជាពលរដ្ឋកំពុងវាយតម្លៃការខាតបង់ និងការស្តារឡើងវិញ ។
ក្រុមអាជ្ញាធរនិយាយថា តំបន់ជាង ៦០ភាគរយនៃប្រទេសហ្សាម៉ាអ៊ីក នៅតែគ្មានថាមពលអគ្គិសនីប្រើប្រាស់ ហើយជិតពាក់កណ្តាលនៃប្រព័ន្ធទឹកមិនដំណើរការនោះទេ ។

ក្នុងទីក្រុងមាត់សមុទ្រប្រវត្តិសាស្ត្រ Black River នៅភាគនិរតីប្រទេសហ្សាម៉ាអ៊ីក សំណង់រហូតដល់ ៩០ភាគរយ បានខូចខាតដំបូល ខណៈព្យុះបានបំផ្លិចបំផ្លាញបណ្ដាញខ្សែភ្លើង ។
នៅប្រទេសជិតខាងហៃទី ក្រុមអាជ្ញាធររាយការណ៍ថា មនុស្សយ៉ាងតិច ៣១នាក់ បានស្លាប់ និងជាង ២០នាក់ ផ្សេងទៀតបាត់ខ្លួន ដែលភាគច្រើនក្នុងតំបន់ភាគខាងត្បូង ហើយមនុស្សជាង ១៥.៨០០នាក់ កំពុងស្ថិតក្នុងជម្រកបណ្ដោះអាសន្ន។
ដោយឡែក នៅប្រទេសគុយបា ពុំមានការស្លាប់ណាមួយត្រូវរាយការណ៍ទេ ខណៈទីភ្នាក់ងារការពារស៊ីវិល បានជម្លៀសមនុស្សជាង ៧៣៥.០០០នាក់ នៅទូទាំងភាគខាងកើតនៃប្រទេសកោះនេះ ហើយទឹកជំនន់ដ៏គ្រោះថ្នាក់បានបន្តក្នុងតំបន់មួយចំនួន ៕
