ពិធីបុណ្យវិស្សមចុងសប្តាហ៍ បានក្លាយជាសោកនាដកម្ម សម្រាប់ក្រុមគ្រួសារ នៅភាគពាយ័ព្យនៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃសៅរ (ទី១ ខែវិច្ឆិកា) នៅពេលដែលអគ្គិភ័យដ៏អាក្រក់ បានឆាបឆេះហាងលក់ទំនិញបញ្ចុះតម្លៃមួយកន្លែង នៅកណ្តាលទីក្រុង Hermosillo ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៣នាក់ស្លាប់ ហើយរាប់សិបនាក់ទៀតរងរបួស។
ប្រទេសម៉ិកស៊ិកកំពុងប្រារព្ធបុណ្យមរណៈ នៅចុងសប្តាហ៍នេះ ដោយមានការស្លៀកពាក់តុបតែងមុខមាត់ចម្រុះពណ៌ ដែលក្រុមគ្រួសារសម្ដែងក្ដីគោរព និងចងចាំដល់មនុស្សជាទីស្រលាញ់ដែលបានលាចាកលោកនេះទៅហើយ។

អភិបាលរដ្ឋ Sonora ដែលទីក្រុងនេះស្ថិតនៅ គឺលោក Alfonso Durazo បានលើកឡើងនៅក្នុងវីដេអូលើបណ្ដាញសង្គមថា៖ «ខ្ញុំបានបញ្ជាឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងតម្លាភាព ដើម្បីបញ្ជាក់ពីមូលហេតុនៃហេតុការណ៍នេះ»។ ហើយលោកបានបន្ថែមថា ក្មេងៗក៏មានស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងនោះដែរ។
ចំណែកលោក Gustavo Salas អគ្គរដ្ឋអាជ្ញារបស់រដ្ឋនេះ ដោយលើកឡើងពីទីភ្នាក់ងារវេជ្ជសាស្ត្រផ្នែកកោសល្យវិច្ច័យ បាននិយាយថា អ្នកបាត់បង់ជីវិតភាគច្រើន គឺទំនងជាដោយសារស្រូបយកហ្គាសពុល។
កាកបាទក្រហមរបស់រដ្ឋ Sonora បានឲ្យដឹងថា បុគ្គលិករបស់ខ្លួនចំនួន ៤០នាក់ និងរថយន្តសង្គ្រោះ ១០គ្រឿង បានចូលរួមក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះនេះ។ មូលហេតុនៃការឆាបឆេះនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ បើទោះជាបណ្តាញសារព័ត៌មានមួយចំនួន បានរាយការណ៍ការថា អាចមកពីឆ្លងចរន្តអគ្គិសនីក៏ដោយ៕


