ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសលីបង់ បានសម្លាប់មនុស្ស ៤នាក់យ៉ាងតិច កាលពីថ្ងៃសៅរ៍ (ទី១ ខែវិច្ឆិកា) ខណៈដែលការកើនឡើងនូវវាយប្រហាររបស់អ៊ីស្រាអែល ធ្វើឲ្យមានក្ដីបារម្ភខ្លាំងឡើងៗ ចំពោះបទឈប់បាញ់រយៈពេលជិត ១ឆ្នាំ ជាមួយក្រុមហេសបូឡា។
ទោះបីជាមានបទឈប់បាញ់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយក្រុមសកម្មប្រយុទ្ធលីបង់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តរក្សាវត្តមានកងទ័ព ក្នុងតំបន់ចំនួន ៥ នៅភាគខាងត្បូងលីបង់ ហើយបានបន្តការវាយប្រហារតាមអាកាសជាទៀងទាត់ ដោយអះអាងថា ដាក់គោលដៅលើក្រុមហេសបូឡា។

យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា «ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល» នៅតំបន់ Nabatiyeh «បានសម្លាប់មនុស្ស ៤នាក់ និងធ្វើឲ្យរបួស ៣នាក់ សម្រាប់តួលេខបឋម»។ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ផ្លូវការ បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានវាយប្រហាររថយន្ត ១គ្រឿង «ដោយមីស៊ីលមានប្រព័ន្ធបញ្ជានាំផ្លូវ» នៅម៉ោងប្រហែល ១០:២០នាទីយប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២:៣០នាទី ម៉ោងសកល) ។
ប្រធានាធិបតីលីបង់ លោក Joseph Aoun បានអំពាវនាវឲ្យមានការចរចាជាមួយអ៊ីស្រាអែល កាលពីពាក់កណ្តាលខែតុលា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្របសម្រួលឲ្យឈានដល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា។ តែលោក Aoun បានចោទប្រកាន់អ៊ីស្រាអែលថា បានឆ្លើយតបនឹងការអំពាវនាវរបស់លោកឲ្យចូលទៅកាន់តុចរចានេះ ដោយការបង្កើនការវាយប្រហារលើប្រទេសរបស់លោក។
គួររំលឹកថា ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់ប្រហារឆ្លងព្រំដែនជាលើកដំបូងទៅកាន់អ៊ីស្រាអែល បន្ទាប់ពីមានការផ្ទុះសង្រ្គាម នៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣។ ការធ្វើបែបនោះបានបង្កឲ្យកើតជម្លោះរយៈពេលជាង ១ឆ្នាំមកហើយ ដែលបាននាំឲ្យមានសង្គ្រាមចំហ ២ខែ មុនពេលភាគីទាំង២ ព្រមព្រៀងឈានដល់បទឈប់បាញ់ កាលពីឆ្នាំមុន៕
