បាល់ទាត់៖ ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាបានប្រកាសនិមិត្តសញ្ញាឡូហ្គោថ្មី (LOGO) សម្រាប់ក្របខណ្ឌលីគកំពូលកម្ពុជា ឬ Cambodian Premier League និងក្របខណ្ឌលីគលំដាប់ទី២ ឬ Cambodian League 2 ជាផ្លូវការកាលពីថ្ងៃទី១០ ខែកុម្ភៈនៅសណ្ឋាគារ Emion Hotel ក្រោមវត្តមាននាយកប្រតិបត្តិលោក Satoshi Saito និងមានការចូលរួមពីសមាជិកលីគកំពូលទាំង ៨ក្លិបផងដែរ។
ក្រោយបង្ហាញឡូហ្គោលថ្មី លោក Satoshi Saito បានបង្ហាញអត្ថន័យនៃនិមិត្តសញ្ញានីមួយៗ រួមមានពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌បៃតង។ លោកពន្យល់ថា សម្រាប់ពណ៌ខ្មៅ គឺតំណាងឲ្យសាជីវកម្ម និងការយល់ឃើញនៃគំនិតច្នៃប្រឌិតថ្មីៗ។ ពណ៌ក្រហម នៃលីគកំពូល ឬលីគទី១ ត្រូវបានបំផុសគំនិតដោយទង់ជាតិកម្ពុជា ហើយក៏ជាសញ្ញានៃព្រះអាទិត្យរះ និងការតាំងចិត្ត ខណៈពណ៌បៃតង នៃលីគទី២ តំណាងឲ្យយុវជន ការដុះពន្លកនៃដើមឈើ និងអ្វីៗដែលចាប់ផ្តើមថ្មី។ លើសពីនេះ ស្រមោលទាំងអស់នៃនិមិត្តសញ្ញានីមួយៗ ត្រូវបានបំផុសគំនិតដោយរូបស្រមោលរបស់ខ្មែរបន្ថែមលើនិមិត្តរូបនៃទឹកដីកម្ពុជាទៀតផង។ នាយកប្រតិបត្តិដដែលរំពឹងយ៉ាងមុតមាំថា និមិត្តសញ្ញាទាំងអស់នេះនឹងក្លាយជានិមិត្តសញ្ញានៃភាពមុះម៉ត់ និងសេចក្ដីស្រលាញ់ចំពោះ CPL សម្រាប់អ្នកគាំទ្រកម្ពុជាទាំងអស់ក្នុងយុគសម័យថ្មីនៃបាល់ទាត់កម្ពុជា ដែលដឹកនាំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ដំណាលគ្នានឹងការបង្ហាញ «ឡូហ្គោ» ថ្មីនេះ ក្រុមហ៊ុនលីគក៏បានរៀបចំការចាប់ឆ្នោតបើកការប្រកួតរដូវកាលថ្មីរួចរាល់ផងដែរ ដែលការប្រកួតនឹងចាប់ផ្ដើមនាថ្ងៃទី០៥ ខែមីនាខាងមុខ ដោយក្រុមបឹងកេតត្រូវជួបក្រុមណាហ្គាវើលដ៏នៅកីឡដ្ឋាន Cambodia Airway ស្របពេលក្រុមកងយោពលខេមរភូមិន្ទត្រូវបើកទ្វារកីឡដ្ឋានស្ដាតចាស់ ទទួលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន។ រីឯព្រះខ័នរាជស្វាយរៀងត្រូវជួបក្រុមភ្ញៀវគិរីវង់នៅកីឡដ្ឋានខេត្តស្វាយរៀង និងក្រុមអង្គរថាយហ្គឺរជួបវិសាខានៅកីឡដ្ឋាន SRU ខេត្តសៀមរាប៕
អត្ថបទ៖ លី ឈុនឡា