នៅថ្ងៃអាទិត្យ (ទី២ ខែវិច្ឆិកា) នេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ទីក្រុងតេអេរ៉ង់នឹងសាងសង់ទីតាំងនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ «ដោយមានកម្លាំងកាន់តែខ្លាំងជាងមុន» ដោយបានបន្ថែមថា ប្រទេសរបស់លោកមិនបានប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរនោឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមានថា លោកនឹងបញ្ជាឲ្យមានការវាយប្រហារជាថ្មីលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ព្យាយាមចាប់ផ្តើមដំណើរការឡើងវិញនូវកន្លែង ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក កាលពីខែមិថុនា។

លោក Pezeshkian បានធ្វើការអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលធ្វើដំណើរទៅត្រួតពិនិត្យអង្គភាពថាមពលអាតូមិករបស់ប្រទេស ជាទីដែលលោកបានជួបជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់មកពីឧស្សាហកម្មនុយក្លេអ៊ែររបស់ អ៊ីរ៉ង់។
លោកប្រធានាធិបតីអ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «ការបំផ្លាញអគារ និងរោងចក្រ នឹងមិនបង្កជាបញ្ហា សម្រាប់យើងនោះទេ។ យើងនឹងសាងសង់ឡើងវិញ ហើយនឹងមានកម្លាំងកាន់តែខ្លាំងជាងមុន»។
គួររំលឹកថា កាលពីខែមិថុនា សហរដ្ឋអាមេរិកបានបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោន លើកឡើងថា ជាផ្នែកនៃកម្មវិធីដែលឆ្ពោះទៅរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់ អះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងស៊ីវិលសុទ្ធសាធ៕

