សកម្មជនបាននាំគ្នាតវ៉ានៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រីអាល់បានី ក្នុងទីក្រុង Tirana និងនៅមជ្ឈមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍ នៅតំបន់ Gjader កាលពីថ្ងៃសៅរ៍ (ទី១ ខែវិច្ឆិកា) ដោយទាមទារឲ្យបិទទីកន្លែងទេសន្តរប្រវេសន៍ដ៏ចម្រូងចម្រាសរបស់ប្រទេសអ៊ីតាលី។
ក្រុមអ្នកតវ៉ាបានដើរដង្ហែតាមដងផ្លូវ ដោយស្រែក និងកាន់បដារិះគន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ប្រធានាធិបតីអាមេរិក លោក Donald Trump នាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដែលផ្ទៃមុខរបស់មេដឹកនាំទាំងនោះ ត្រូវបានកែទីជាទៅរូបថតមន្ត្រីនគរបាល។

ដោយបាននិយាយនៅខាងក្រៅស្ថានទូតអ៊ីតាលី ក្នុងទីក្រុង Tirana លោកស្រី Nicoletta Alessio សកម្មជនអ៊ីតាលីមកពីស្ថាប័ន Melting Pot Europa ដែលជាក្រុមសង្គមស៊ីវិលផ្តោតលើទេសន្តរប្រវេសន៍ បានបញ្ជាក់ថា៖ «រឿងនេះត្រូវតែបញ្ឈប់។ យើងនឹងនៅទីនេះរហូតដល់មនុស្សចុងក្រោយ ត្រូវបានដោះលែង» ។
គួរបញ្ជាក់ថា បាតុកម្មនេះ កើតឡើងក្នុងពេលវេលាគ្រប់មួយឆ្នាំ ចាប់តាំងពីអ៊ីតាលី បានសាងសង់មជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ នៅអាល់បានី ជាចំណាត់ការមួយដែលនាំឲ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស។ របាយការណ៍ថ្មីៗនេះ បានគូសបញ្ជាក់ថា តម្លៃសាងសង់មជ្ឈមណ្ឌលនេះ គឺខ្ពស់ជាង ៧ដងនៃការចំណាយលើអគារស្រដៀងគ្នា នៅប្រទេសអ៊ីតាលី។
កាលពីខែសីហា តុលាការយុត្តិធម៌របស់សហភាពអឺរ៉ុប បានលើកឡើងពីក្ដីបារម្ភ អំពីភាពស្របច្បាប់នៃការប្រើប្រាស់បញ្ជីឈ្មោះ «បណ្តាប្រទេសដែលមានសុវត្ថិភាព» របស់អ៊ីតាលី ដើម្បីពន្លឿនការផ្ទេរជនអន្តោប្រវេសន៍ទៅកាន់ប្រទេសអាល់បានី និងការវាយតម្លៃការសុំសិទ្ធិជ្រកកោនឆាប់រហ័ស៕

