ចំនួនអ្នកស្លាប់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ជាង ២២០នាក់ ចាប់តាំងពីដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់ រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានចូលជាធរមាន។ នេះបើយោងតាមអាជ្ញាធរសុខាភិបាល ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ (ទី១ ខែវិច្ឆិកា)។

ហើយបើយោងតាមសេចក្តីថ្លែងការណ៍ពីស្ថាប័នដដែលនេះ បានបន្ថែមថា មនុស្សជាង ៥៩០នាក់ ត្រូវបានរាយការណ៍ថា បានរងរបួស។ គិតចាប់តាំងពីជម្លោះ រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ការកើនឡើងនូវចំនួនអ្នកស្លាប់ នៅតំបន់ហ្កាហ្សា បានឡើងលើសពី ៦៨.៨០០០នាក់ ខណៈជាង ១៧០.០០០នាក់ បានរងរបួស។
គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ បានចូលជាធរមានជាផ្លូវការ កាលពីថ្ងៃទី១០ ខែតុលា។ តែយ៉ាងណាក្ដី កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឲ្យចាត់វិធានការយោធាប្រឆាំងនឹងតំបន់ហ្កាហ្សា ដោយលើកឡើងពីការរំលោភលើបទឈប់បាញ់ដោយក្រុមហាម៉ាស។
ក្រុមហាម៉ាសបានបដិសេធការអះអាងទាំងនេះ ហើយបានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើឲ្យខូចដល់បទឈប់បាញ់ ដោយសារប្រតិបត្តិការយោធារបស់ខ្លួន៕

