នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញការព្រមានខ្លាំងៗកាលពីថ្ងៃអាទិត្យ (២ វិច្ឆិកា) ថា ក្រុមសកម្មប្រយុទ្ធហេសបូឡា កំពុងតែព្យាយាមបំពាក់អាវុធឡើងវិញ ហើយថា អ៊ីស្រាអែល នឹងអនុវត្តសិទ្ធិការពារខ្លួន ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីឆ្នាំមុន ប្រសិនបើលីបង់ បរាជ័យក្នុងការដកហូតអាវុធពីក្រុមសកម្មប្រយុទ្ធមួយនេះ។

ថ្លែងពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Netanyahu បាននិយាយថា អ៊ីស្រាអែល នឹង "ចាត់វិធានការតាមភាពចាំបាច់" ប្រសិនបើលីបង់ មិនប្រឹងប្រែងការពារទឹកដីរបស់ខ្លួនមិនឱ្យក្លាយជាសមរភូមិជួរមុខសារជាថ្មីទេនោះ។
គួររម្លឹកថា សហរដ្ឋអាមេរិក បានសម្របសម្រួលបទឈប់បាញ់មួយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រវាងលីបង់ និងអ៊ីស្រាអែល បន្ទាប់ពីជម្លោះអស់ជាង ១ឆ្នាំ ដែលរាលដាលចេញពីសង្រ្គាមនៅតំបន់ហ្កាហ្សា។ នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់នេះ លីបង់យល់ព្រមថា មានតែកងកម្លាំងសន្តិសុខរដ្ឋប៉ុណ្ណោះដែលអាចកាន់អាវុធបាន មានន័យថា ក្រុមហេសបូឡា ត្រូវតែរំសាយអាវុធទាំងស្រុង។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ក៏ព្រមានផងដែរថា រដ្ឋាភិបាលលីបង់ ត្រូវតែបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរំសាយអាវុធពួកហេសបូឡា និងដកក្រុមនេះចេញពីភាគខាងត្បូងលីបង់។
ប្រភពពីកងទ័ពលីបង់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេបំផ្ទុះឃ្លាំងអាវុធរបស់ពួកហេសបូឡាអស់ជាច្រើនដែលនាំគ្រឿងផ្ទុះរបស់ក្រុមនេះបានអស់រលីងទៅហើយ ហើយយោធារំពឹងថា នឹងបញ្ចប់ប្រតិបត្តិការនេះនៅភាគខាងត្បូងលីបង់ ត្រឹមចុងឆ្នាំ២០២៥នេះ៕

