រដ្ឋមន្ត្រីក្រសួងថាមពលរបស់ទីក្រុងវ៉ាស៊ីនតោន លោក Chris Wright បាននិយាយកាលពីថ្ងៃអាទិត្យ (២ វិច្ឆិកា) ថា ការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលបញ្ជាដោយលោកប្រធានាធិបតីអាមេរិក Donald Trump នឹងមិនពាក់ព័ន្ធនឹងការបំផ្ទុះនុយក្លេអ៊ែរទេ នៅពេលនេះ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក Wright បាននិយាយថា "ការធ្វើតេស្តដែលអាមេរិកកំពុងពិភាក្សាឥឡូវនេះ គឺជាការធ្វើតេស្តប្រព័ន្ធ មិនមែនជាការបំផ្ទុះនុយក្លេអ៊ែរទេ ហើយទាំងនេះគឺជាអ្វីដែលគេហៅថាការបំផ្ទុះដែលមិនសំខាន់"។

លោក Wright ដែលជាប្រធានទីភ្នាក់ងារទទួលបន្ទុកសាកល្បងអាវុធនុយក្លេអ៊ែររបស់អាមេរិក និយាយទៀតថា ការធ្វើតេស្តនេះពាក់ព័ន្ធនឹងផ្នែកផ្សេងទៀតទាំងអស់នៃអាវុធនុយក្លេអ៊ែរ ដើម្បីឱ្យប្រាកដថា អាវុធអាចដំណើរការ និងអាចបង្កើតបន្ទុះនុយក្លេអ៊ែរបាន។ លោក Wright បន្ថែមថា ការធ្វើតេស្តនឹងអនុវត្តលើប្រព័ន្ធថ្មី ដើម្បីធានាថា អាវុធនុយក្លេអ៊ែរដែលទើបជំនួសថ្មី គឺប្រសើរជាងអាវុធនុយក្លេអ៊ែរមុនៗ។
គួរឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក Trump បាននិយាយថា លោកបញ្ជាឱ្យយោធាអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់នូវដំណើរការសាកល្បងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីបានផ្អាកអស់ ៣៣ឆ្នាំ នៅក្នុងជំហានមួយដែលហាក់ដូចជាសារព្រមានទៅកាន់មហាអំណាចនុយក្លេអ៊ែរចិន និងរុស្ស៊ី៕

