អង់គ្លេស៖ ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកខាងលិចអាចនឹងប្រឈមពេលវេលាគ្រោះថ្នាក់បំផុតក្នុងការជាប់គាំងរបស់ខ្លួន ជាមួយក្រុងមូស្គូក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលរុស្ស៊ីបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្នុងប្រទេសបេឡារុស្ស និងសមុទ្រខ្មៅ ក្រោយកងទ័ពរបស់ខ្លួនបានបង្កើនការដាក់ពង្រាយនៅជិតប្រទេសអ៊ុយក្រែន។

ភាពតានតឹងនៅតែឡើងកម្ដៅខ្លាំង ខណៈដែលអ៊ុយក្រែនក៏កំពុងបង្កើតល្បែងសង្គ្រាមផងដែរ ប៉ុន្តែក្រុមមេដឹកនាំគ្រប់ភាគីទាំងអស់បានផ្ដល់សញ្ញាថា ពួកគេរំពឹងថាផ្លូវខាងការទូតនៅតែអាចទម្លាយ នូវអ្វីដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ហៅថា ជាវិបត្តិសន្តិសុខដ៏ធំបំផុតរយៈពេលជាច្រើនទសវត្សរ៍មកនេះរបស់តំបន់អឺរ៉ុប។ ប្រទេសរុស្ស៊ី និងបេឡារុស្សបានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នារយៈពេល ១០ថ្ងៃ ស្របពេលមានក្ដីបារម្ភថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែននៅថ្ងៃណាមួយ រហូតមានការព្រមានពីសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះថា រុស្ស៊ីអាចចូលលុកលុយអ៊ុយក្រែនក្នុងពេល ៧២ម៉ោង។ បេឡារុស្សគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី និងមានព្រំដែនជាប់ជាមួយអ៊ុយក្រែនដែរ។
ចំណែកប្រទេសបារាំងវិញបានហៅសមយុទ្ធដែលគេជឿថា ជាការបញ្ជូនកងទ័ពដ៏ច្រើនបំផុតរបស់រុស្ស៊ីទៅកាន់បេឡារុស្ស ចាប់តាំងពីសង្គ្រាមត្រជាក់មកគឺជាកាយវិការហិង្សា។ រីឯអ៊ុយក្រែនវិញនិយាយថា រុស្ស៊ី និងបេឡារុស្សកំពុងបង្កើនសម្ពាធចិត្តវិទ្យា។ ខណៈដែលកំពុងជួបពិភាក្សាជាមួយបណ្ដាមេដឹកនាំតំបន់បាល់ទិក អធិការបតីអាល្លឺម៉ង់ថ្មីគឺលោក Olaf Scholz បានបញ្ជូនការព្រមានដ៏ខ្លាំងក្លាទៅកាន់រុស្ស៊ី ជុំវិញភាពតានតឹងដែលចេះតែរីកធំអំពីវិបត្តិអ៊ុយក្រែន។ លោកថា រុស្ស៊ីមិនគួរមើលស្រាលការរួបរួមគ្នា និងការប្ដេជ្ញាចិត្តរបស់យើងឡើយ។ យើងបារម្ភពីសម្ព័ន្ធមិត្តរបស់យើងខ្លាំងណាស់។ យើងចង់បានសន្តិភាព៕
អត្ថបទ៖ សុខមាន