រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក លោក Sean Duffy បាននិយាយកាលពីថ្ងៃអាទិត្យ (២ វិច្ឆិកា) ថា ការបិទរដ្ឋាភិបាលឥឡូវនេះ ស្ថិតនៅក្នុងសប្តាហ៍ទី៦ របស់ខ្លួនហើយ — ពោលគឺនៅក្នុងខែទី២ គិតចាប់ពីថ្ងៃបិទដំបូងទី១ ខែតុលា ឆ្នាំ២០២៥ នេះមក — ហើយភាពជាប់គាំងនេះនឹងបន្តរំខានជើងហោះហើរ ការលុបចោល និងការបិទអាកាសយានដ្ឋានកាន់តែចលាចល ស្របពេលកង្វះខាតបុគ្គលិកផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅទូទាំងប្រទេស។

នៅក្នុងកិច្ចសម្ភាសន៍លើកញ្ចក់ទូរទស្សន៍ ABC លោក Duffy បានព្រមានថា "នឹងមានការពន្យារពេល និងការលុបចោលជើងហោះហើរគ្រប់ប្រភេទទាំងអស់ ទូទាំងដែនអាកាសជាតិ ដើម្បីធ្វើឱ្យប្រាកដថាអ្នកដំណើរមានសុវត្ថិភាព"។
ការលើកឡើងរបស់លោក Duffy បានកើតឡើងស្របពេលអាកាសយានដ្ឋានអន្តរជាតិ Newark កាលពីថ្ងៃអាទិត្យ បានចតយន្តហោះចោលមិនឱ្យហោះហើរ ក្នុងអ្វីដែលប្រធានដឹកជញ្ជូនរូបនេះព្រមានថា អាចរីករាលដាលដល់អាកាសយានដ្ឋានទូទាំងប្រទេស បើរដ្ឋាភិបាលបិទដំណើរការកាន់តែយូរ។
យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បានឱ្យដឹងថា ស្ទើរតែពាក់កណ្តាលនៃមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសសំខាន់ៗទាំងអស់របស់អាមេរិក កំពុងប្រឈមការខ្វះខាតបុគ្គលិកនៅទូទាំងប្រទេស ដែលបណ្តាលឱ្យមានភាពច្របូកច្របល់ ការបិទអាកាសយានដ្ឋាន ការបញ្ឈប់ជើងហោះហើរ ឬការពន្យារពេលរយៈពេលយូរ៕

