អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទ (៣ វិច្ឆិកា) នេះថា សហរដ្ឋអាមេរិក កំពុងធ្វើការឥតសម្រាកនោះទេ ដើម្បីបង្កើនល្បឿនផលិតយន្តហោះចម្បាំង F-16V ដែលត្រូវបានពន្យារពេល ទៅកាន់កោះតៃវ៉ាន់ ខណៈគ្រាប់បែកកំណត់គោលដៅ ដែលផលិតដោយសហរដ្ឋអាមេរិក ក៏ត្រូវពន្យារពេលផងដែរ ដោយសារបញ្ហាបណ្ដាញផ្គត់ផ្គង់។

កោះតៃវ៉ាន់ ដែលប្រទេសចិន អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីការពន្យារពេលម្តងហើយម្តងទៀតចំពោះសព្វាវុធ ដែលខ្លួនបញ្ជាទិញពីសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន ជាអ្នកគាំទ្រ និងផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់បំផុតរបស់កោះនេះ។

នៅក្នុងរបាយការណ៍មួយទៅកាន់សមាជិកសភា អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ និយាយថា ការបញ្ជូនយន្តហោះចម្បាំង F-16V ទាំង ៦៦គ្រឿង ដែលដំបូងឡើយរំពឹងថានឹងមកដល់នៅចុងឆ្នាំ២០២៦ ត្រូវបានពន្យារបន្ថែមទៀតពេលដោយសារតែការផ្លាស់ប្ដូរទីតាំង និងការរំខានលើខ្សែច្រវាក់ផលិតកម្ម។
អាជ្ញាធរនេះអះអាងថា ដើម្បីបង្កើនល្បឿនផលិតកម្ម អ្នកម៉ៅការកំពុងធ្វើការឥតសម្រាកនោះទេចំនួន ២វេន ពោលគឺធ្វើការ ២០ម៉ោងក្នុងមួយថ្ងៃ។
អាមេរិក មានចំណងផ្លូវច្បាប់ក្នុងការផ្តល់ឱ្យកោះតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន ហើយការលក់សព្វាវុធជារឿយៗរបស់ទីក្រុងវ៉ាស៊ីនតោនទៅឱ្យកោះនេះ បានធ្វើឱ្យប្រទេសចិន ខឹងសម្បារយ៉ាងខ្លាំង៕