ប្រទេសប្រេស៊ីល ក្នុងថ្ងៃចន្ទ (៣ វិច្ឆិកា) នេះ បានប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៍រយៈពេល ៣សប្តាហ៍ក្នុងទីក្រុងចំនួន៣ ដែលទាក់ទងទៅនឹងកិច្ចប្រជុំកំពូលអាកាសធាតុ COP30 នៅក្នុងក្ដីសង្ឃឹមថា នឹងមើលឃើញការបន្តប្ដេជ្ញាចិត្តរបស់ពិភពលោក ក្នុងការដោះស្រាយបញ្ហាឡើងកម្ដៅផែនដី។ យ៉ាងណាមិញ ចំណុចនោះប្រហែលជាលំបាកខ្លាំងណាស់ ក្នុងរយៈពេលពេញ ១ឆ្នាំ ដែលពោរពេញទៅដោយចលាចលសេដ្ឋកិច្ច និងការដកថយពីកិច្ចប្រឹងប្រែងផ្នែកអាកាសធាតុរបស់សហរដ្ឋអាមេរិក។

ជំនួបមេដឹកនាំធុរកិច្ចនៅទីក្រុងសៅប៉ូឡូ របស់ប្រេស៊ីល កំពុងជំរុញឱ្យមានគោលនយោបាយកាន់តែតឹងរឹង សម្រាប់ហិរញ្ញប្បទានដល់ដំណើរការផ្លាស់ប្តូរថាមពល។ លិខិតចំហមួយច្បាប់នៅថ្ងៃចន្ទនេះ បានស្នើ "ជាបន្ទាន់" ឱ្យរដ្ឋាភិបាលនានាទូទាំងសកលលោក បើកចិត្តទទួលយកថាមពលកកើតឡើងវិញ ជំនួសឱ្យឥន្ធនៈហ្វូស៊ីល។
នៅព្រឹត្តិការណ៍ថ្ងៃចន្ទនេះ ក្នុងទីក្រុង Rio de Janeiro របស់ប្រេស៊ីល អភិបាលរដ្ឋ អភិបាលក្រុង និងមេដឹកនាំថ្នាក់ក្រោមជាតិផ្សេងទៀត ត្រៀមចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំក្នុងតំបន់ ក្រោមស្រមោលនៃការតវ៉ាប្រឆាំងនឹងការបង្ក្រាបឧក្រិដ្ឋកម្មដ៏បង្ហូរឈាមក្នុងទីក្រុងនេះ កាលពីសប្តាហ៍មុន។
នៅទីក្រុងព្រៃអាម៉ាហ្សូនប្រេស៊ីល Belem ដែលរៀបចំកិច្ចប្រជុំកំពូលកម្រិតថ្នាក់ដឹកនាំ នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា មានមេដឹកនាំ "តិចជាង ៦០រូបប៉ុណ្ណោះ" បានបញ្ជាក់ការចូលរួមជាមួយប្រធានាធិបតីប្រេស៊ីល គិតត្រឹមថ្ងៃសៅរ៍កន្លងទៅ។ ជាមួយគ្នានេះ កិច្ចប្រជុំកំពូលសំខាន់ នៅថ្ងៃទី១០-២១ ខែវិច្ឆិកា នៅក្រុង Belem ក៏មើលឃើញមនុស្សចុះឈ្មោះ តិចជាងជំនួប COP ទាំងឡាយ នាពេលថ្មីៗនេះផងដែរ៕


