បាល់ទាត់៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានវិលមកហ្វឹកហាត់វិញជាមួយ Paris Saint Germain នៅថ្ងៃព្រហស្បតិ៍ម្សិលមិញក្រោយអវត្តមានដោយសាររបួសតាំងពីខែវិច្ឆិកា។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានរងរបួសកជើងតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅពេល PSG ជួបជាមួយ Saint Etienne ដែលធ្វើឱ្យអតីតកីឡាកររបស់ Barcelona រូបនេះអវត្តមានសរុប ១២ប្រកួតរួចមកហើយ។

អ្នកចាត់ការ PSG លោក Mauricio Pochettino បានបញ្ជាក់ថា ស្ថានភាពរបស់ Neymar នៅពេលមានភាពល្អប្រសើរច្រើន តែគេមិនអាចចូលលេងឡើយនៅពេល PSG ជួប Rennes ក្របខណ្ឌបារាំង Ligue 1 យប់នេះ។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះក៏មិនទាន់អាចបញ្ជាក់បានដែរថា Neymar នឹងអាចចូលលេងបានរឺអត់នៅពេល PSG ជួប Real Madrid នៅវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។ យ៉ាងណាក្តីអវត្តមានរបស់ Neymar ក៏មិនសូវជាបញ្ហាដែរ ពោលគឺ PSG តាំងពីដើមខែតុលានៅក្របខណ្ឌបារាំង Ligue 1 មិនទាន់ចាញ់មួយប្រកួតណាឡើយដែលរួមមានឈ្នះ ៩ ស្មើ ៥ នៃ ១៤ប្រកួតចុងក្រោយក្នុងលីគ និងកំពុងនាំមុខដាច់ ១៣ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ