ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនចំនួន១០ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពុំទាន់អាចបើកដំណើរការនាពេលនេះបានទេ ដោយសារសាលារៀនទាំងនោះ រងការបំផ្លិចបំផ្លាញខ្លាំង ពីការផ្ទុះអាវុធក្នុងជម្លោះព្រំដែន និងត្រូវមានការបោសសម្អាតមីន ដើម្បីសុវត្ថិភាពជាមុនសិន។

បវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ បានចាប់ផ្ដើមនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ គ្រឹះស្ថានសិក្សាសាធារណៈ ក៏បានចាប់ផ្ដើមដំណើរការសិក្សាជាថ្មី ក្នុងការបង្រៀនផ្ដល់ចំណេះដឹងដល់សិស្ស។ ស្របពេលដែលសាលារៀនទូទាំងប្រទេសកំពុងដំណើរការសិក្សានេះ ក៏មានសាលារៀនចំនួន ១០ នៅតាមបណ្ដោយព្រំដែន បន្តបិទទ្វាមិនអាចដំណើរការ។ សាលារៀនទាំង ១០នោះ មានសាលារៀនចំនួន៧ស្ថិតនៅខេត្តឧត្តរមានជ័យ និងសាលាចំនួន ៣នៅខេត្តព្រះវិហារ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវន និងកីឡា បញ្ជាក់ថា ការមិនទាន់អាចបើកដំណើរការបាននេះ ដោយសារសាលារៀនទាំង ១០ នោះ រងការបំផ្លាញខ្លាំង ពីការផ្ទុះអាវុធក្នុងជម្លោះព្រំដែនកន្លងទៅ។ ក្រៅពីហេតុអាគារសិក្សាត្រូវបានបំផ្លិចបំផ្លាញទាមទារការជួសជុល ការសាងសង់ជាថ្មី សាលារៀនទាំងនោះ ក៏តម្រូវការឱ្យមានការបោសសម្អាតអាវុធជាតិផ្ទុះជាមុនសិនផងដែរ ដើម្បីសុវត្ថិភាព។
ជាដំណោះស្រាយចំពោះមុខ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញឱ្យមានការបង្រៀនជាបណ្ដុំសិន ក្នុងពេលបច្ចុប្បន្ន ក្រោមការគាំទ្រពីអាជ្ញាធរ។
នៅក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី កន្លងទៅនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានអញ្ជើញចូលរួម លើកទឹកចិត្ត និងនាំយកអំណោយជាសម្ភារសិក្សាមួយចំនួន ជូនសិស្សនៅសាលារៀន ស្ថិតនៅខេត្តឧត្តរមានជ័យ ជាទីតាំងដែលរងការប៉ះពាល់ដោយសារបញ្ហាជម្លោះព្រំដែនផងដែរ៕ អត្ថបទ៖ គឹម ហុក