អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន TASSថា រុស្ស៊ីកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព នៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡាទាក់ទងនឹងសម្ពាធយោធារបស់សហរដ្ឋអាមេរិក។

លោកបានថ្លែងថា៖«យើងកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានការណ៍ នៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា ដោយធ្វើអត្ថាធិប្បាយអំពីរបាយការណ៍របស់សារព័ត៌មាន The Washington Post ដែលនិយាយថាប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានបញ្ជូនសំណើទៅកាន់មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) សុំការផ្គត់ផ្គង់មីស៊ីល រ៉ាដា និងយន្តហោះ ដើម្បីទប់ទល់ការគំរាមកំហែងរបស់សហរដ្ឋអាមេរិកចំពោះប្រទេសរបស់លោក។

នាពេលថ្មីៗនេះ កាសែត Miami Herald បានរាយការណ៍ថា រដ្ឋបាលអាមេរិក បានសម្រេចចិត្តវាយប្រហារគោលដៅយោធា នៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា។ យោងតាមសារព័ត៌មាននេះ ការវាយប្រហារទាំងនេះ អាចត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ឬតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធនៅក្នុងការសន្ទនាជាមួយអ្នកយកព័ត៌មានថា លោកពុំបានពិចារណាអំពីការវាយប្រហារលើប្រទេសវ៉េណេហ្ស៊ុយអេឡា ឬបានធ្វើការសម្រេចចិត្តលើបញ្ហានេះទេ៕