ការស្ទង់មតិអាជីវកម្មបានបង្ហាញនៅថ្ងៃចន្ទ (៣ វិច្ឆិកា) នេះថា មជ្ឈមណ្ឌលផលិតកម្មធំៗនៅតំបន់អាស៊ី នៅតែជួបការលំបាកក្នុងសកម្មភាពផលិត ក្នុងខែតុលាកន្លងទៅ ខណៈតម្រូវការទន់ខ្សោយ និងពន្ធរបស់សហរដ្ឋអាមេរិក បានប៉ះពាល់ដល់ការបញ្ជាទិញពីរោងចក្រនៅទូទាំងតំបន់។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់អាស៊ី កាលពីសប្តាហ៍មុន បាននាំឱ្យមានវឌ្ឍនភាពមួយចំនួនក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយសេដ្ឋកិច្ចផលិតកម្មធំៗដូចជាចិន និងកូរ៉េខាងត្បូងជាដើម ក៏ប៉ុន្តែ អ្នកនាំចេញនៅតែបន្តប្រុងប្រយ័ត្នចំពោះតម្រូវការក្នុងសហរដ្ឋអាមេរិក។
សន្ទស្សន៍ការបញ្ជាទិញ (PMI) របស់វិស័យឯកជនសម្រាប់ខែតុលា ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញពីសកម្មភាពផលិតកម្មកើនឡើងក្នុងល្បឿនយឺតនៅប្រទេសចិន ពោលគឺ PMI ខែតុលា ស្ថិតនៅ ៤៩,០ ធ្លាក់ពីតួលេខ ៤៩,៨ នៅខែកញ្ញា ខណៈដែលកូរ៉េខាងត្បូង មើលឃើញ PMI របស់ខ្លួនធ្លាក់ចុះ។
សន្ទស្សន៍ PMI ចេញផ្សាយដោយ S&P Global សម្រាប់ក្រុមហ៊ុនផលិតនៅកូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី បានធ្លាក់ចុះដល់ ៤៩,៤ នៅក្នុងខែតុលា ពីតួលេខ ៥០,៧ នៅក្នុងខែកញ្ញា។ PMI នៅកន្លែងផ្សេងទៀតនៃអាស៊ី បានបង្ហាញថា ការធ្លាក់ចុះបន្តមើលឃើញផងដែរក្នុងសកម្មភាពរោងចក្រនៅម៉ាឡេស៊ី និងកោះតៃវ៉ាន់ ខណៈវៀតណាម និងឥណ្ឌូនេស៊ី មានភាពធូរស្រាលបន្តិច ដោយបានមើលឃើញកំណើននៅក្នុងវិស័យផលិតកម្មរបស់ពួកគេ៕

