ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យ (២ វិច្ឆិកា) ថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ទី៥ ដោយជោគជ័យ ក្នុងគោលបំណងបង្កើនការឃ្លាំមើលកូរ៉េខាងជើង។
ក្រសួងនេះប្រកាសថា ផ្កាយរណបយោធាកូរ៉េខាងត្បូង បានហោះចូលទៅក្នុងគន្លងដែលបានគ្រោងទុករួចហើយ បន្ទាប់ពីការបាញ់បង្ហោះចេញពីរដ្ឋ Florida របស់សហរដ្ឋអាមេរិក តាមរយៈយានជំរុញ Falcon 9 របស់ក្រុមហ៊ុន SpaceX ។

ក្រសួងសង្កត់ធ្ងន់ថា ប្រតិបត្តិការរបស់ផ្កាយរណបទាំង៥ រួមបញ្ចូលគ្នា នឹងអនុញ្ញាតឱ្យទីក្រុងសេអ៊ូល តាមដានសញ្ញានៃសកម្មភាពរបស់កូរ៉េខាងជើង កាន់តែរហ័ស និងមានភាពជាក់លាក់ជាងមុន ដោយបន្ថែមថា ប្រព័ន្ធនេះក៏នឹងបង្កើនសមត្ថភាពវាយប្រហារជាមុនរបស់កូរ៉េខាងត្បូង ប្រឆាំងនឹងការបាញ់មីស៊ីលទាំងឡាយ។
គួរឱ្យដឹងថា កូរ៉េខាងត្បូង មានផែនការបាញ់បង្ហោះផ្កាយរណបចារកម្ម ៥គ្រឿង ដើម្បីត្រួតពិនិត្យដោយឯករាជ្យនូវសកម្មភាពយោធារបស់កូរ៉េខាងជើង ហើយយានទី១ ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បាននិយាយថា ផ្កាយរណបទាំង ៥គ្រឿងនេះ នឹងអាចឱ្យទីក្រុងសេអ៊ូល ត្រួតពិនិត្យកន្លែងបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងទីតាំងផ្សេងទៀត រៀងរាល់ពីរម៉ោងម្តង ទាំងថ្ងៃទាំងយប់ នៅគ្រប់លក្ខខណ្ឌអាកាសធាតុទាំងអស់៕

