អាជ្ញាធរអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានចាប់ខ្លួនបុរសស៊ីរីអាយុ ២២ ឆ្នាំម្នាក់ នៅទីក្រុងប៊ែរឡាំង ដែលសង្ស័យថា បានរៀបចំការវាយប្រហារដែលជំរុញដោយ «ជីហាដ» ដោយពុំបានផ្តល់ព័ត៌មានលម្អិតអំពីផែនការ ដែលត្រូវបានចោទប្រកាន់នោះទេ។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ នៅក្នុងស្រុក Neukoelln ភាគខាងត្បូងនៃរដ្ឋធានីនេះ បានបង្ហាញខ្លួន នៅចំពោះមុខចៅក្រមស៊ើបអង្កេតកាលពីថ្ងៃអាទិត្យ ហើយត្រូវបានបញ្ជាឲ្យឃុំខ្លួន។

សេចក្តីថ្លែងការណ៍រួមមួយពីនគរបាល និងរដ្ឋអាជ្ញាទីក្រុងប៊ែរឡាំង បានឲ្យដឹងថា បុរសរូបនេះ ត្រូវបានសង្ស័យថា «រៀបចំសកម្មភាពហិង្សាធ្ងន់ធ្ងរប្រឆាំងនឹងរដ្ឋ» ក៏ដូចជា «ផ្សព្វផ្សាយសម្ភារៈឃោសនារបស់អង្គការប្រឆាំងរដ្ឋធម្មនុញ្ញ និងភេរវកម្ម»។
អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញានៅទីក្រុងប៊ែរឡាំង បានប្រាប់សារព័ត៌មាន AFP មុននេះថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា បានរៀបចំផែនការ «វាយប្រហារដែលជំរុញដោយជីហាដ»៕