លោក Mohamed Al Hassan តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការនេះ ក្នុងការគាំទ្រការបោះឆ្នោតសភាអ៊ីរ៉ាក់ នៅថ្ងៃទី ១១ ខែវិច្ឆិកា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ាក់។

ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein លោក Al Hassan បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់UN ក្នុងការ «បន្តការគាំទ្ររបស់ខ្លួនចំពោះប្រទេសអ៊ីរ៉ាក់ ក្នុងដំណើរការបោះឆ្នោត និងបង្កើនស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច»។

ខណៈពេលដែលកំពុងពិនិត្យមើលការរៀបចំចុងក្រោយសម្រាប់ការបោះឆ្នោតជាតិ លោក Hussein បានសង្កត់ធ្ងន់លើ«ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការធានាការបោះឆ្នោតដែលមានតម្លាភាព និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនអ៊ីរ៉ាក់» និងបានសម្តែងការកោតសរសើរចំពោះការគាំទ្របច្ចេកទេសជាបន្តបន្ទាប់ពីអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា ភាគីទាំងពីរក៏បាននិយាយអំពីការវិវត្ត ក្នុងតំបន់ និងអន្តរជាតិ និងវិធីដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ាក់ និងអង្គការសហប្រជាជាតិ ដើម្បីបង្កើនស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ប្រជាជនអ៊ីរ៉ាក់ដែលមានសិទ្ធិជាង ២១ លាននាក់ ត្រៀមខ្លួនបោះឆ្នោតជ្រើសរើសសភា ដែលមានសមាជិក ៣២៩ រូប សម្រាប់អាណត្តិ ៤ឆ្នាំ៕